រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោនៅតែជាគោលដៅទេសចរណ៍គ្មានការជិនណាយ

 

វិទ្យុជាតិកម្ពុជា៖ហាន់ ស្រីណា ០១.០១.២១

Mc: សម្រស់រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោ នៅតែជាគោលដៅទេសចរណ៍គ្មានការជិនណាយដោយសារនៅតំបន់នោះ មានអាកាសធាតុត្រជាក់ បានធ្វើឱ្យរុក្ខជាតិទាំងឡាយរីកស្រស់គ្រប់រដូវ ព្រមទាំងមានទេសភាពធម្មជាតិខៀវស្រងាត់ លាយឡំនឹងផ្ទាំងថ្មធំៗជាច្រើន នៅរាយប៉ាយក្រោមដើមរុក្ខជាតិ និងនៅតាមជ្រលងដងអូរ ខ្លះទៀតនៅកណ្តាលវាល ដែល ធ្វើឱ្យភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៏ខេត្តកំពត បានប្រាប់វិទ្យុជាតិកម្ពុជាថា រមណីយដ្ឋានទឹកឈូនិងភ្នំបូកគោនេះ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរច្រើនបំផុតសម្រាប់ខេត្តកំពត ខណៈដែលតំបន់ទាំង២នេះ ទទួលភ្ញៀវទេសចរ ទៅលេងកម្សាន្តរហូតដល់ជាង៧០ភាគរយក្នុង១ឆ្នាំៗ។ លោកបន្តថា តំបន់រមណីយដា្ឋនទឹកឈូគឺជាគោលដៅទេសចរណ៍ ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយសារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង៨គីឡូម៉ែត្រ ហើយមាន ទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងហែលលេងយ៉ាងសប្បាយរីករាយ និងមានកញ្ចុះជាច្រើន ដែលកំពុងរង់ចាំភ្ញៀវទេសចរ ទៅសម្រាក លម្ហែកាយ ញ៉ាំអាហារដ៏មានឱជារសជាច្រើនមុខ។ក្រៅពីនេះមានកន្លែងលេងកម្សាន្តជាច្រើនកន្លែង ដែលអាចឱ្យភ្ញៀវទេសចរ ងូតទឹក ជិះខ្សែកាបឆ្លងព្រែក ជិះទូក ជិះក្តាររំអិលជាដើម និងអាចគយគន់នូវទេសភាពដំណាំហូបផ្លែ នៅអមសងខាងទឹកធ្លាក់ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្តកំពតនេះ ។ លោកបានឱ្យដឹងថា គោលដៅមួយទៀតគឺ រមណីយដ្ឋានឋានសួគ៌ បូកគោ ដែលបានទាក់ទាញភ្ញៀវទេសចរជាហូរហែមិនចេះដាច់ ដោយនៅតាមផ្លូវឡើងលើកំពូលភ្នំ យើងត្រូវជិះកាត់តាម ចង្កេះភ្នំ មានព្រៃព្រឹក្សាខៀវស្រងាត់ អមជុំវិញផ្លូវគួរជាទីគយគន់។លោកបានបន្តទៀតថា ពេលឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរ អាចងូតទឹកជ្រោះលេងកម្សាន្ត ញ៉ាំអាហារ ថតយករូបសំណាកយាយម៉ៅ ដែលមានកម្ពស់២០ម៉ែត្រ មើលសំណង់ចាស់ៗ និងអាចស្នាក់នៅសណ្ឋាគារ ដែលមាននៅលើកំពូលភ្នំ លើសពីនោះនៅរដូវចុះត្រជាក់ នឹងមានដុំពពកសក្បុស បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ប្លែក និងមិនអាចបំភ្លេចបាន។ 

សំឡេង៖ ទី ១ តំបន់ម្ដុំទឹកឈូខ្ញុំប្រើពាក្យថាឋានសួគ៌នេះដោយសារក្នុងទីនោះយើងមានសកម្មភាពទេសចរណ៍ជាច្រើនកន្លែងនៅក្នុងតំបន់ ទឹកឈូ ។ ទី២ តំបន់បូកគោរមណីយដ្ឋានទេសចរណ៍ភ្នំបូកគោទីតាំងទាំងពីរនេះ យើងស្រូបទាញភ្ញៀវប្រហាក់ប្រហែល ៧០%ទៅកាន់គោលដៅទាំងពីរនេះ ភ្ញៀវទេសចមកលេងខេត្តកំពត។

សូមបញ្ជាក់ថា រមណីដ្ឋានភ្នំបូកគោស្ថិតនៅចម្ងាយ៤២គីឡូម៉ែត្រ ពីទីរួមខេត្តកំពត រីឯរមណីយដ្ឋានទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាំង ស្រុកទឹកឈូ ខេត្តកំពត និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូលទុរេន៕20152FBF-A43A-41F6-A166-EF99EEB28FADC70908B7-EECA-4833-A1AC-C17CB0BAAF777A71DCC7-1D3D-4535-A2EB-BBBE04BDF91CC0BBBFB2-F76E-4713-A314-C31A170FC584367B4A70-131D-4331-9C94-8574813FCBA834F35737-6FDF-40FA-B5BC-3860418DD0687440504F-5E37-417E-8F48-57095EECB9C9EB35AACC-12C2-4530-BCF4-D44A3B6A50DEFF378C16-4621-4801-8BD6-6CE79A78C6DC

Comments

Related posts