រដ្ឋមន្រ្តីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចិញ្ជឹមត្រី ក្នុងខេត្តកំពង់ធំ ត្រូវបន្តពង្រីកសក្តានុពលចិញ្ចឹម រួមទាំងបង្កាត់ពូជឱ្យបានច្រើន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ រដ្ឋមន្រ្តីកសិកម្ម ណែនាំម្ចាស់កសិដ្ឋានចិញ្ជឹមត្រី ត្រូវបន្តពង្រីកសក្តានុពលចិញ្ចឹម រួមទាំងបង្កាត់ពូជ ដើម្បីធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។

ក្នុងឱកាសចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា នៅភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរចំពោះការរៀបចំកសិដ្ឋានបានល្អត្រឹមត្រូវតាមបច្ចេកទេស គុណភាពទឹក ប្រព័ន្ធបង្ហូរទឹកចេញចូលនិងក្សេត្របរិស្ថានដែលមានលក្ខណៈអំណោយផលសម្រាប់ជីវិតរស់នៅរបស់ត្រីបានយ៉ាងល្អ ហើយអាចចាត់ទុកជាកសិដ្ឋានគំរូនៅទូទាំងខេត្តផងដែរ។ 

ព្រមជាមួយសមិទ្ធផលដែលកសិដ្ឋានសម្រេចបាននាពេលបច្ចុប្បន្ន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យម្ចាស់កសិដ្ឋានចិញ្ជឹមត្រីត្រូវបន្តខិតខំពង្រីកសក្តានុពលចិញ្ចឹមបន្ថែមទៀត រួមទាំងបង្កាត់ពូជ និងពង្រីកដៃគូចិញ្ចឹម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារនាពេលបច្ចុប្បន្ន ស្របពេលដែលក្រសួងបាននិងកំពុងផ្អាកការនាំចូលត្រីពីប្រទេសជិតខាង ដើម្បីបង្កើនផលិតកម្មក្នុងស្រុក។ មួយវិញទៀត កសិដ្ឋាន គួរប្រើសក្តានុពលរបស់កសិដ្ឋានមានដី ទឹក និងបរិស្ថាន ដោយសហការជាមួយរដ្ឋបាលជលផលបង្កើតកន្លែងបង្កាត់ និងភ្ញាស់ពូជត្រីដែលទីផ្សារខ្វះខាត និងពេញនិយមចិញ្ចឹម សម្រាប់ផ្គត់ផ្គង់ឱ្យអ្នកចិញ្ចឹមក្នុង និងក្រៅតំបន់នេះ ឬជាកន្លែងស្រាវជ្រាវគុណភាពចំណីត្រី និងហ្វឹកហាត់ការងាររបស់និស្សិត ។ 

លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា បានឱ្យដឹងថា ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួង រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរមូលដ្ឋាន បច្ចុប្បន្នកសិដ្ឋានបានពង្រីកសក្តានុពលចិញ្ចឹមដល់ទៅ ៤២ស្រះ មានធំ មានតូច ដោយក្នុងនោះមានចិញ្ចឹមត្រីឆ្ពិន ត្រីប្រា និងត្រីក្រាញ់។  លោកបន្តថា ផលត្រីដែលប្រមូលបាន អាចទទួលបានជាមធ្យមចំនួន ២០០តោនក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារក្នុងតំបន់ ខេត្ត និងរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋានថា ក្រសួងក៏ដូចរដ្ឋបាលជលផល នឹងរង់ចាំសហការ សម្របសម្រួល ដើម្បីឱ្យដំណើរ ការវិនិយោគការចិញ្ចឹមត្រីក្នុងកសិដ្ឋាន និងបង្កើតកន្លែងភ្ញាស់ពូជត្រី ក្នុងខេត្ត កំពង់ធំសម្រេចបានជោគជ័យ៕B8196E2B-0D94-4C43-92A5-A16831EC8B62FE3980BD-ACEC-4FC2-B183-8115E7689BA9346E6F70-60A0-415D-B7B3-BDEFCD8B87E2DF721B70-94E9-4325-9CC5-19BF67FD49145DD1CD9D-D8A1-4D8B-9687-958B54EB38DA

Comments

Related posts