វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
កំពង់ធំ៖ ការចិញ្ចឹមជ្រូកព្រៃ គឺជាមុខរបរថ្មីមួយទៀត របស់កសិករនៅក្នុងខេត្តកំពង់ធំ ក្នុងចំណោមមុខរបរចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ឬមុខរបរកសិកម្មផ្សេងទៀត ។
លោក ប៉ែន សុវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាថា មន្រ្តីជំនាញរបស់មន្ទីរបានចុះបណ្តុះបណ្តាលពីរបៀប ចិញ្ចឹមជ្រូកព្រៃនេះតាមលក្ខណៈបច្ចេកទេស របៀបការប្រើប្រាស់វ៉ាក់សាំង នឹងជួយរក ទីផ្សារលក់សាច់ជ្រូកព្រៃនេះពេលចិញ្ចឹមបានក្នុងតម្លៃខ្ពស់។
សំឡេង « ជំនាញរដ្ឋបាលព្រៃឈើបានបណ្តុះបណ្តាលទៅតាមសហគមន៍ព្រៃឈើ ឱ្យសហគមន៍ព្រៃឈើមានមុខរបរចិញ្ចឹមជ្រូកព្រៃនេះមួយទៀត ។ ខាងរដ្ឋបាលព្រៃឈើជាអ្នកលើកសំណើនេះមក ហើយរហូតមកដល់មានការ ឯកភាពឱ្យគាត់ធ្វើនេះ គឺគាត់បានសិក្សាពីទីផ្សារជ្រូកព្រៃច្បាស់ហើយ គឺថាអាចបង្កើន ជីវភាពរបស់សហគមន៍ព្រៃឈើរបស់គាត់ ឱ្យមានជីវភាពប្រសើរឡើង ហើយនឹង កាត់បន្ថយការទាញយកអនុផលផ្សេងៗពីព្រៃឈើ ឱ្យគាត់មានមុខរបរផ្សេងទៀត » ។
លោកបានបន្ថែមថា ជ្រូកព្រៃ គឺជាប្រភេទសត្វដែលមិនសូវសម្បូរ ហើយមានតម្លៃថ្លៃ ទៀតផង។ ក៏ប៉ុន្តែថ្វីត្បិតតែវាលក់បានថ្លៃក៏ពិតមែន តែមិនសូវជាមានអ្នកចិញ្ចឹមច្រើនទេ ហើយមកដល់ពេលនេះ មន្ទីរសង្កេតឃើញថា ប្រជាកសិករដែលចាប់យកមុខរបរចិញ្ចឹម ជ្រូកព្រៃនេះ ទទួលបានលទ្ធផលល្អ ហើយក្នុង១ឆ្នាំ គឺមានកូន២ដង ម្តងមានកូនពី៦ទៅ ៨ក្បាល។ អ្វីដែលសំខាន់ ការចិញ្ចឹមជ្រូកព្រៃ ងាយស្រួលចិញ្ចឹម ហើយមានតម្លៃថ្លៃជាង ជ្រូកស្រុកទៀតផង ។ ការបង្កើតជាបណ្តុំសហគមន៍ចិញ្ចឹមជ្រូកព្រៃនេះ ពិតជាបានធ្វើឱ្យ ពួកគាត់ទទួលបានទាំងបទពិសោធន៍ បច្ចេកទេសក្នុងការចិញ្ចឹមបានត្រឹមត្រូវ មានស្តង់ដារ និងទទួលបានប្រាក់ចំណូលច្រើន ពីមុខរបរមួយនេះសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ និងបានជួយអភិរក្សសត្វព្រៃ ចៀសវាងការបរបាញ់សត្វព្រៃខុសច្បាប់ ។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបង្កើតបណ្តុំសហគមន៍ ចិញ្ចឹមជ្រូកព្រៃ មានចំនួន៥សហគមន៍ ស្មើនឹង១៥០គ្រួសារ ដែលស្ថិតក្នុងស្រុក ប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ៕
Comments