វិទ្យុជាតិកម្ពុជា ៖ ដោយ កញ្ញា អ៊ី កនិកា ១.២.២០២១
MC៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យអ្នកធ្វើដំណើរ ចូលមកកម្ពុជាទាំងអស់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយមិនអាចបន្ធូរបន្ថយនិងខកខានបានឡើយ ទាំងនៅព្រំដែន និង រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ចូលទៅក្នុងសហគមន៍។
ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនិងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមននៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា ទោះបីជាកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១លើពិភពលោក ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ក៏ពិតមែន ប៉ុន្តែយើងមិនត្រូវ ត្រេកអរនោះទេ ដោយសារតែបញ្ហាកូវីដ-១៩ នៅលើពិភពលោក មិនទាន់បិទបញ្ចប់នៅឡើយ។
សម្តេចតេជោ បានទទូចម្តងហើយម្តងទៀតដល់ អ្នកដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន១៤ថ្ងៃ កុំឱ្យមានការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ក្នុងសហគមន៍ជាលើកទី២ថ្មីម្ដងទៀត។
សំឡេង៖«នៅលើពិភពលោកទាំងមូលក៏ដូចជាក្នុងតំបន់មិនទាន់ស្រាកស្រាន្តទេ រាប់ទាំងកម្ពុជាយើងផង ។ ខ្ញុំសុំយកឱកាសនេះសុំនូវការយោគយល់ចំពោះបងប្អូនជនរួមជាតិ ជាពិសេសគឺបងប្អូនកំពុងធ្វើចត្តាឡីស័ក នៅតាមព្រំដែន ជាង៧ពាន់នាក់នៅក្នុងខេត្តចំនួន៧ ហើយការធ្វើចត្តាឡីស័កនេះមិនថានៅទីក្រុងភ្នំពេញ ឬនៅតាមព្រំដែនត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃមិនអាចដោះដូរបានទេ។ ខ្ញុំសុំអង្វរករចំពោះបងប្អូនប្រជាពលរដ្ឋរបស់យើងដែលត្រូវធ្វើចត្តាឡីស័កគឺមិនអាចកាត់បន្ថយបានទេបទពិសោធន៍របស់យើង គ្រប់គ្រាន់ដើម្បីឱ្យយើងដឹងថា ការគ្រប់គ្រងកូវីដគឺតម្រូវឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃដោយខានមិនបាន មិនអាចថយ វាបាននៅត្រឹម១០មក៧ថ្ងៃនោះបានទេចំពោះបងប្អូនខ្មែរ ដែលរស់នៅប្រទេសក្រៅចូលមកកម្ពុជា ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃ ដោយខានមិនបាន ក្នុងករណីអ្នកដែលធ្វើដំណើរមកជាមួយ បើមានកើតកូវីដត្រូវបន្តធ្វើចត្តាឡីស័កដើម្បីប្រាកដហើយថា កូវីដ-១៩មិនបាននាំចូលក្នុងសហគមន៍ជាថ្មីម្តងទៀតទេខ្ញុំសុខចិត្តចិញ្ចឹមបងប្អូននៅតាមព្រំដែន»។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃម្នាក់ថែមទៀត ឆ្លងកូវីដ-១៩។នៅថ្ងៃនេះ ក្រសួងក៏បាន បញ្ជាក់ថា មិនមានករណីព្យាបាលជាសះស្បើយនោះទេ។អ្នកឆ្លងកូវីដ-១៩ថ្មីនេះជាស្ត្រីជនជាតិខ្មែរ អាយុ២០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៤៦៦នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៤៣នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ២៣នាក់ ៕
Comments