កុមារដែលងាយរងគ្រោះនឹងបន្តទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ដើម្បីបានបន្តការសិក្សារហូតដល់ ចប់បឋមសិក្សា

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៩ មករា ២០២១

MC៖ កុមារដែលងាយរងគ្រោះនឹងបន្តទទួលបាននូវអាហារូបត្ថម្ភគ្រប់គ្រាន់ពីក្រសួងអប់រំយុវជននិងកីឡា រួមទំាងអង្គការដៃគូពាក់ព័ន្ធដើម្បីធានាកុំឱ្យកុមារដែលងាយរងគ្រោះទាំងនោះបោះបង់ការសិក្សារបស់ខ្លួន។

 

ឯកឧត្តម រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍បានដាក់ទិសដៅបន្តអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ដល់សិស្សក្នុងខេត្ដគោលដៅ ដើម្បីបង្កើនអត្រាចូលរៀន អត្រាឡើងថ្នាក់ កាត់បន្ថយការបោះបង់ការសិក្សារបស់កុមារ និងបង្កើនអត្រាបញ្ចប់ការសិក្សានៅកម្រិតបឋមសិក្សា ។ 

អ្នកនាំពាក្យក្រសួងអប់រំ បានបន្ដថា កម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀននេះ  បានអនុវត្តតាំងពីឆ្នាំ១៩៩៩ ដោយចាប់ផ្ដើមពី៦៤សាលា ដែលមានសិស្ស៣៧៥០០នាក់និងបានពង្រីកជាបន្ដបន្ទាប់ រហូតមកដល់បច្ចុប្បន្ន ក្រោមជំនួយឧបត្ថម្ភគាំទ្រពីកម្មវិធីស្បៀងអាហារពិភពលោក ។ ឯកឧត្តម បានឱ្យដឹងថា កម្មវិធីនេះក៏បានវិវឌ្ឍជាបន្ដបន្ទាប់ ស្របតាម   បរិបទសង្គមសេដ្ឋកិច្ចជាតិ ព្រមជាមួយនឹងការកើនឡើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍    ទីផ្សារតាមជនបទ និងចរន្ដផលិតកម្ម នៅតាមសហគមន៍ជនបទ គឺបានប្រែក្លាយពីកម្មវិធីស្បៀងអាហារពេលព្រឹកបែបសាមញ្ញ មានត្រីខកំប៉ុង ប្រេងឆាសណ្ដែក និងអង្ករជាជំនួយពីក្រៅប្រទេស មកជាកម្មវិធីផ្ដល់ស្បៀងអាហារពេលព្រឹក ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ។ ឯកឧត្តមបន្តថា អាហារពេលព្រឹករបស់សិស្សានុសិស្ស  រួមមានបន្លែ ត្រី សាច់ ស៊ុត និងអង្ករ ដែលជាកសិផលផលិតក្នុងស្រុក ។ ឯកឧត្តម បានបញ្ជាក់ថា  ទិសដៅសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ក្រសួងអប់រំ  កំពុងបន្តពិនិត្យតាមលទ្ធភាពថវិកា  និងបន្តពង្រឹងសមត្ថភាពដល់ក្រុមគោលដៅ ។

សំឡេង៖ « ទិសដៅសម្រាប់ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ចំពោះការអនុវត្ដកម្មវិធីផ្ដល់ស្បៀងអាហារតាមសាលារៀន ក្រសួងអប់រំកំពុងបន្តពិនិត្យលទ្ធភាពកៀរគរថវិកាសម្រាប់បន្តការសាងសង់ផ្ទះបាយ កន្លែងទទួលទានអាហារសិស្ស កន្លែងសម្អាតលាងដៃ និងបន្តសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក គណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាជាតិគាំពារសង្គម និងគ្រប់ដៃគូពាក់ព័ន្ធក្នុងការពង្រឹងការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារតាមសាលារៀន។ ក្រសួងអប់រំ បន្តពង្រឹងសមត្ថភាពដល់ក្រុមគោលដៅតាមរយៈការបំប៉ន ការពិនិត្យតាមដាន និងការហ្វឹកហាត់អំពីការអនុវត្តកម្មវិធីផ្តល់ស្បៀងអាហារ តាមសាលាគោលដៅដោយប្រើប្រាស់កសិផលសហគមន៍»។ 

ឯកឧត្តម បន្ថែមទៀតថា ក្រសួងកំពុងបន្តពង្រីកសាលារៀនគោលដៅអនុវត្តកម្មវិធី ពី ២០៥សាលា ទៅ២៩០សាលា។  ក្នុងនោះសម្រាប់សាលាបន្ថែមថ្មីមាន៨៥សាលា គឺសាលាស្ថិតក្នុងខេត្តសៀមរាប ឧត្តរមានជ័យ និងខេត្តកំពង់ស្ពឺ ដែលផ្ទេរពីកម្មវិធីស្បៀងអាហារពិភពលោក នៅឆ្នាំ២០២២ និងពិនិត្យលទ្ធភាពទទួលយកសាលាគោលដៅ ដែលផ្ទេរជាបណ្តើរៗ  ពីកម្មវិធីស្បៀងអាហារពិភពលោក  តាមលទ្ធភាពថវិកា ទៅតាមឆ្នាំរបស់រាជរដ្ឋាភិបាល។

គួររំលឹកថា កាលពីឆ្នាំសិក្សា ២០១៩-២០២០ ក្រសួងអប់រំបានសម្រេចទទួលយកការផ្ទេរកម្មវិធីផ្ដល់ស្បៀងអាហារ តាមសាលារៀនជាបណ្ដើរៗ ពីកម្មវិធីស្បៀងអាហារពិភពលោកមកអនុវត្ដដោយផ្ទាល់ ក្នុងការប្រើ ប្រាស់ថវិការបស់រាជរដ្ឋាភិបាល ក្រោមរូបភាពកម្មវិធីផ្ដល់អាហារពេលព្រឹក និងពេលថ្ងៃត្រង់ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍៕815F01FC-28E2-471C-B337-C413A95C3279321783A8-2E4B-4DD1-8D3E-A05E80C7A1EA10F0FD3D-3932-4B02-A56F-111B11673D3F

Comments

Related posts