គ្រឿងញៀនជាមូលហេតុបង្កឱ្យមានបទល្មើសផ្សេងៗកើតឡើងច្រើន

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១.០២.២០២១                                                                                                                                             ​

រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានបញ្ជាក់ថា គ្រឿងញៀនជាមូលហេតុមួយដែល បង្កឱ្យមានបទល្មើសផ្សេងៗ កើតមាន ឡើង ដែលទាមទារឱ្យអាជ្ញាធរពាក់ពន្ធ័បន្តរួមគ្នាទប់ស្កាត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ជាបណ្តើរៗនូវការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ដោយអនុវត្តឱ្យខ្ជាប់ខ្ជួននូវទិសស្លោកប្រឆាំងគ្រឿងញៀន បីកុំ មួយរាយការណ៍ ។ 

លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការក្រសួងកិច្ចការនារី មានប្រសាសន៍បែបនេះ ក្នុងពិធីរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ថ្នាក់តំបន់ស្តីពីការលើកកម្ពស់ការចូលរួមរបស់អ្នកម្តាយដើម្បីទប់ស្កាត់ការប្រើប្រាស់និងចែកចាយគ្រឿងញៀន នៅថ្ងៃទី១ ខែ កុម្ភៈ ឆ្នាំ ២០២១នេះ។ក្នុងឱកាសនោះ  លោកជំទាវបានមានប្រសាសន៍ថា គ្រឿងញៀនក៏ជាកត្តារួមចំណែកក្នុងការជំរុញឱ្យ អ្នកប្រើប្រាស់ប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ហិង្សាលើស្រ្តី ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗទៀត។ នេះបើផ្អែកតាមការចុះប្រមូលទិន្នន័យតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ ជាមួយស្រ្តីក្រុមគោលដៅ នៅថ្នាក់ក្រោមជាតិក្នុងខេត្ត ចំនួន៧ (រួមមានខេត្តសៀមរាប កំពង់ស្ពឺ កំពង់ចាម បាត់ដំបង ស្វាយរៀង កោះកុង និងខេត្តរតនគិរី) ក្នុងគោលបំណងរៀបចំ ផែនការសកម្មភាពជាតិទប់ស្កាត់អំពើហិង្សាលើស្រ្តី២០១៩-២០២៣ ។

លោកជំទាវ រដ្ឋលេខាធិការបានបន្ថែមថា ឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី បានចុះពិនិត្យស្ថានភាពស្រ្តីកំពុងជាប់ឃុំក្នុងពន្ធនាគារចំនួន២៨ នៅទូទាំង២៥ រាជធានី-ខេត្ត ដោយបានពិនិត្យរកឃើញថា ស្រ្តីកំពុងជាប់ពន្ធនាគារភាគច្រើន បានប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដូចជាជួញដូរ ចែកចាយ និងរក្សាទុក គ្រឿងញៀន។លើសពីនេះទៅទៀតបញ្ហាគ្រឿងញៀន គឺពិតជាប៉ះពាល់មិនត្រឹមតែស្រ្តីនោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់ក្រុម គ្រួសាររបស់គេនិងសង្គមទាំងមូលតែម្តង ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  បានកោតសរសើរដល់ ក្រសួងកិច្ចការនារី ដែលជាសមាជិករបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមអនុវត្តនូវយុទ្ធសាស្រ្ត ពហុវិស័យរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន  និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ របស់រាជរដ្ឋាភិបាល ហើយការចូលរួមសកម្មភាពនាពេលនេះ មានសារសំខាន់ណាស់ ស្របពេលដែលស្ថានភាព          គ្រឿងញៀននៅកម្ពុជាបានរីករាលដាលដល់ទីជនបទ មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ ក្នុងនោះមានយុវនារី ដែលតម្រូវឱ្យយើងត្រូវតែរួមគ្នាដោះស្រាយ ៕DFA40F2E-75FA-4F6A-B7DE-B0879523F3DDC4F983BA-EBC6-45F7-A982-E092F53897C4

Comments

Related posts