ក្រសួងបរិស្ថានដាក់ផែនការបោះបង្គោលសម្គាល់ដី នៅតំបន់ការពារធម្មជាតិឱ្យបាន៥០ភាគរយ នៅត្រឹមឆ្នាំ២០៣១

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០១ ០២ ២០២១

  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងមានផែនការបោះបង្គោលព្រំ កំណត់តំបន់ការពារ ធម្មជាតិ ឱ្យបានយ៉ាងហោចណាស់៥០ភាគរយ នៅត្រឹមឆ្នាំ២០៣១ សំដៅទប់ស្កាត់ការទន្ទ្រានយកខុសច្បាប់ពីប្រជាពលរដ្ឋ និងជនខិលខួច។

  ថ្លែងប្រាប់អ្នកសារព័ត៌មាន នាឱកាសចុះពិនិត្យការអនុវត្តច្បាប់ និងការពារព្រៃឈើ និងសត្វព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងភូមិសាស្ត្រខេត្តព្រះវិហារនៅចុងសប្តាហនេះ ឯកឧត្ដម បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចេញនូវគោលនយោបាយមួយ ស្តីពីការបោះបង្គោលព្រំនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីឈានទៅ គ្រប់គ្រង និងការពារធនធានជីវៈចម្រុះឱ្យមានប្រសិទ្ធភាព។

  ឯកឧត្តម រដ្ឋលេខាធិការ មានប្រសាសន៍ថា «ការបោះបង្គោលព្រំ ឬការកំណត់ព្រំនេះ គឺជាវិធានការជាក់ស្តែងមួយ ព្រោះប្រជាជនខ្លះគាត់បានយកលេសថា គាត់អត់ដឹងតំបន់ការពារនៅកន្លែងណាទេ។ ដូច្នេះនៅពេលដែលយើងកំណត់ហ្នឹងឱ្យបានច្បាស់លាស់ គឺយើងអាចការពារបាន។ ក្នុងចក្ខុវិស័យ ក្រោមការជួយ ជ្រោមជ្រែងពីដៃគូអភិវឌ្ឍន៍ គឺពីពេលនេះរហូតដល់ឆ្នាំ២០៣១ គឺត្រូវបោះបង្គោលព្រំកំណត់ឱ្យបានរហូតដល់៥០ភាគ នៃតំបន់ការពារធម្មជាតិទាំងអស់។  

  ឯកឧត្តម នេត្រ ភក្ត្រា បានបន្តថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានកំណត់តំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ នៅទូទាំងប្រទេសសរុបចំនួន៧០កន្លែង ដោយគ្របដណ្តប់លើផ្ទៃដីជាង៧លាន៣សែនហិកតា ប៉ុន្តែក្នុងចំណោមនេះ គឺទើបតែបោះបានបង្គោលព្រំសម្គាល់ និងចុះបញ្ជីជាកម្មសិទ្ធិដីរដ្ឋបានចំនួន៥កន្លែងប៉ុណ្ណោះ។

លោក ឈឹត សំអាត តំណាងភ្នាក់ងារជំនួយសហរដ្ឋអាមេរិកUSAIDប្រចាំនៅកម្ពុជា  បានគាំទ្រនូវផែនការដែលនឹងជួយដល់ កិច្ចការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជានេះ ដោយលោកបានឱ្យដឹងថា  គម្រោងព្រៃឡង់បៃតងពីUSAIDកំពុងជួយដល់ រាជរដ្ឋាភិបាលកម្ពុជាទៅលើការកំណត់បែងចែកតំបន់ការពារក្នុងតំបន់ដែនជម្រកសត្វព្រៃ នៅលើផ្ទៃដីជាង៣លាន៣សែន ហិកតា ដែលគ្របដណ្ដប់ក្នុងខេត្តចំនួន៤រួមមាន៖ ខេត្តព្រះវិហារ កំពង់ធំ ក្រចេះ និងស្ទឹងត្រែង។

ប្រទេសកម្ពុជា ត្រូវបានគេទទួលស្គាល់ថា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សម្បូរបែប ដោយព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានឧទ្យានជាតិដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ៕11759516-380D-4D28-9AF5-79A275B66E36C8BFA560-7F26-4507-84AA-27D8F5F9D25481A105B6-4361-4F74-9E24-1686B6E11D2EE8F9531B-FD68-4D1A-86AE-F6975D504151

Comments

Related posts