វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ ព្រឹត្តិការណ៍ហែលទឹកជើងឯកយុវជន ដណ្ដើមពានរង្វាន់ព្រឹទ្ធាចារ្យហែមថុន លើកទី៤ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយក្លឹបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូនឈរនៅចំណាត់ថ្នាក់លេខ១, ក្លិបហែលទឹកក្រសួងព័ត៌មាន ឈរនៅចំណាត់ថ្នាក់លេខ២ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅចំណាត់ថ្នាក់លេខ៣ ។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានបង្ហាញថា ក្លឹបហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលឈរនៅចំណាត់ថ្នាក់លេខ១នេះ គឺដណ្តើមបានមេដាយមាសចំនួន៨ ប្រាក់៧ និងសំរឹទ្ធិ៤ សរុប១៩គ្រឿង, ចំណាត់ថ្នាក់លេខ២ ក្រសួងព័ត៌មាន បានឈ្នះមេដាយមាសចំនួន ៧ ប្រាក់១ និងសំរឹទ្ធិ១ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយមាសចំនួន៦ ប្រាក់៨ និងសំរឹទ្ធិ៥គ្រឿង ទទួលបានចំណាត់ថ្នាក់លេខ៣ ។
លោកបន្តថា ចំពោះក្លឹបហែលទឹកនាគរាជកំពង់ចាម លេខ៤ ទទួលបានមេដាយមាស១ ប្រាក់៣ និងសំរឹទ្ធិ៥ និងលេខ៥ ក្លិប Oasis Swim Academy ទទួលបានមេដាយមាស១ ខណៈ២ក្លឹបដែលមិនទទួលបានមេដាយសោះ គឺក្លឹបសាលាបារំាង Decart និងសាលាអន្តរជាតិ ISPP។ លោក បញ្ជាក់ថា ការប្រកួតហែលទឹកនេះត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើម របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បីជាការរម្លឹកគុណូបការៈ និងស្នាដៃរបស់លោក និងបំផុសឲ្យកីឡាករ កីឡាការិនី យុវជនខ្មែរ និងបរទេសចូលរួម ក្នុងគោលបំណងពង្រឹងសមត្ថភាព គុណភាពកីឡាករ កីឡាការិនីកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ហែលទឹកជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយចំនួន៩៨នាក់ក្នុងនោះមានកីឡាករ៦៣នាក់ មកពីក្លឹបចំនួន៩ ដែលមានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩និងទី២០ ខែ កុម្ភៈ ឆ្នាំ២០២១៕
Comments