វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ទៅក្រុមបក្សប្រឆាំង ដែលកំពុងនៅក្រៅប្រទេសថា សម្រាប់អាណត្តិខាងមុខ គឺសម្តេចនៅតែបន្តធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី ដែលស្ថិតក្នុង ក្របខណ្ឌនៃច្បាប់ ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី០៤ ខែមីនាឆ្នាំ ២០២១នេះ ក្រោយពីទទួលការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា(AstraZeneca) នៅមន្ទីរពេទ្យកាល់ម៉ែត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចលែងប្រកាសកាន់តំណែងពី៥ឆ្នាំទៅ ១០ឆ្នាំទៀតហើយ គឺសម្តេចនឹងកាន់តំណែងមួយនេះទាល់តែលែងចង់ធ្វើ ដើម្បីកុំឱ្យក្រុមប្រឆាំងគិតស្រមៃទៀត ដោយពួក គេតែងតែលើកឡើងថា សម្តេចនឹងប្រគល់តំណែងទៅឱ្យអ្នកនេះទៅឱ្យអ្នកនោះ ជាពិសេស ថាប្រគល់ទៅឱ្យកូនប្រុសច្បង សម្តេចគឺឯកឧត្តម ហ៊ុន ម៉ាណែត ជាដើម។
សម្តេចតេជោ បញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្តេចនៅតែបន្តជាបេក្ខជននាយករដ្ឋមន្រ្តីក្នុងក្របខណ្ឌនៃច្បាប់ ។
សំឡេង ៖ «នៅពេលដែលខ្ញុំធ្វើនាយករដ្ឋមន្ត្រីគឺខ្ញុំមានសិទ្ធិសម្រេចចិត្ត និងធ្វើការព្យាបាលមិនយកប្រាក់ពីជនបរទេស ក្នុងករណីកូវីដនេះ ប៉ុន្តែនៅពេលដែលឯងធ្វើជានាយករដ្ឋមន្ត្រីអ្នកឯងចាំគិត ប៉ុន្តែមិនដឹងថាឆ្នាំណាទេ ប្រហែលជារង់ចាំដល់ ថ្ងៃទី៣១ ខែកុម្ភៈជារៀងរាល់ឆ្នាំ ពីព្រោះខ្ញុំនៅតែបន្តនៅទីនេះ ហើយឥឡូវនេះបានវ៉ាក់សាំងចូលខ្លួនទៀតគឺមិនងាយនោះឡើយ ។ ហើយខ្ញុំអត់ប្រកាស ឥឡូវឈប់ប្រកាសពីរឿង ១០ឆ្នាំ២០ឆ្នាំ ធ្វើទាល់តែឈប់ចង់ធ្វើ កុំឱ្យពិបាកពេក តិចផ្ទេរតំណែងទៅឱ្យ ហ៊ុន ម៉ាណែត ផ្ទេរអំណាចទៅឱ្យអ្នកនេះ ទៅឱ្យអ្នកនោះអញ្ចឹងមិនបាច់ទេ ។ ថ្ងៃទី៥ ខែមិថុនា បោះឆ្នោតឃុំសង្កាត់២០២២ ឆ្នាំក្រោយ ប្រកាសរួចពីថ្ងៃម្សិលមិញរួចហើយ ខែកក្កដា ឆ្នាំ២០២៣ បោះឆ្នោតសារជាថ្មី ហើយខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី ក្នុងក្របខ័ណ្ឌនៃច្បាប់កំណត់» ៕
Comments