សក្ដានុពលវិស័យទេសចរណ៍ក្នុងខេត្តកោះកុងនៅតែបន្តរីកដុះដាល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

ភ្នំពេញ៖ សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង នៅតែបន្តរីកដុះដាល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាកន្លែងស្នាក់នៅនិងកន្លែងកម្សាន្ត ដ៏សម្បូរបែបបានបង្ហាញខ្លួនជាបន្តបន្ទាប់ ។ 
    លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ថា ខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថាជាខេត្តអេកូទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើនដែល កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ហើយមានបែងចែកតំបន់ទេសចរណ៍ជា២ប្រភេទធំៗ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង២០កន្លែង ។

photo_2021-03-04_15-07-38
    លោកបន្តថា ក្នុងវិបត្តិកូវីដ-១៩ដែលបានអូសបន្លាយជាង១ឆ្នាំមកនេះ ខេត្តកោះកុងមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាតិវិញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យវិនិយោគិនមកបណ្តាក់ទុនយ៉ាងច្រើន ដែលបច្ចុប្បន្ននេះមានទីតាំងសេវាកម្មអាជីវកម្មក្នុងខេត្តជាង៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានចំនួន១២ទីតាំង និងផ្ទះសំណាក់មានជាង១០០ទីតាំង ឯណោះ ។
សំឡេង ៖ « ចំពោះវិស័យទេសចរណ៍ក្នុងស្រុកនេះ យើងឃើញថា មានការជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តកោះកុងយើងផងដែរ ដូចដែលខ្ញុំបានបញ្ជាក់ពីខាងដើមហើយ គឺភ្ញៀវអន្តរជាតិមានការថយចុះ តែភ្ញៀវជាតិមានការកើនឡើង ហើយដូចការបញ្ជាក់ពីលោកជំទាវ មិថុនា ភូថង ចឹង គេឆ្ងល់ណាស់ថា កំពុងជួបវិបត្តិកូវីដ-១៩ ប៉ុន្តែខេត្តកោះកុងបែរជាមានការកើនឡើងសេវាស្នាក់នៅទៅវិញនេះជារឿងគួរឱ្យកត់សម្គាល់ ហើយខ្ញុំក៏សូមជំរាបជូនផងដែរថា ដោយសារមានភាពជឿជាក់របស់ប្រជាពលរដ្ឋក្នុងប្រទេស គាត់បានមកកម្សាន្តនៅដែនដីអេកូនេះ ដែលមានសុវត្ថិភាពផ្នែកផ្លូវដង្ហើម ហើយទឹកដីនេះជួយដល់ផ្លូវដង្ហើមរបស់យើងដោយសារមានខ្យល់បរិសុទ្ធ » ។ 

photo_2021-03-04_15-09-05
លោក ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង ក៏បានអំពាវនាវដល់អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ សូមរក្សាតម្លៃឱ្យបានសមរម្យជូនភ្ញៀវទេសចរ ជាពិសេសការរក្សាអនាម័យ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាំងអាជីវករ ទាំងភ្ញៀវទេសចរ រួមគ្នារក្សាអនាម័យបរិស្ថានឱ្យបានល្អ ដើម្បីឱ្យខេត្តកោះកុងរក្សាបាននូវភាពស្រស់ស្អាត និងពោរពេញទៅដោយខ្យល់អាកាសបរិសុទ្ធ ៕

Comments

Related posts