ការងារស្តារប្រឡាយមេទួលពង្រ១ ខណ្ឌពោធិសែនជ័យនឹងប្តេជ្ញាឱ្យរួចចរាល់មុនរដូវវស្សាមកដល់

វិទ្យុជាតិកម្ពុជា៖

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា ដោយ មានការណែនាំ  និង ជំរុញពី ឯកឧត្តម  ឃួង  ស្រេង  អភិបាលរាជធានីភ្នំពេញ នោះ  មកដល់ពេលនេះ ដំណើរការស្តារប្រឡាយមេទួលពង្រទី១ សម្រេចបានជាង៧០ភាគរយហើយក្រុមការងារកំពុងតែបង្កើនសកម្មភាពដើម្បីពន្លឿនឱ្យការងារនេះឱ្យសម្រេចបានមុនផែនការ គឺរួចរាល់ជាស្ថាពរនៅមុនរដូវវស្សាចូលមកដល់។


លោក បន្តថា បន្ទាប់ពីកាយបង្ហើយតាមផែនការមេ គឺមាត់ប្រឡាយមានទំហំ៨ម៉ែត្រ និងបាតប្រឡាយមានទំហំ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញនឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះប្រព្រឹត្តិទៅតាមផែនការដែលបានគ្រោងទុក អាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខ។
 
លោក ហែម ដារិទ្ធ បញ្ជាក់ថា ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនបានប្រើប្រាស់សាឡង់ដើម្បីដឹកគ្រឿងចក្រចុះស្តារ
និងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀតត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូនិងសង់ស្ពានចំនួន៨កន្លែង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិដែលគាត់រស់នៅ។
សូមបញ្ជាក់ជូនថា ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន៣មាន៖ សង្កាត់ចោមចៅទី១ទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិសែនជ័យ មានប្រវែងជាង៤គីឡូម៉ែត្រ។ ប្រឡាយនេះ មានតួនាទីសំខាន់ណាស់ អាចរំដោះជំនន់ទឹកភ្លៀងក្នុងសង្កាត់ទាំង៣ខាងលើ ទម្លាក់ទៅប្រឡាយលូ៥ កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ៕photo_2021-03-05_16-43-31

Comments

Related posts