រដ្ឋមន្រ្តីក្រសួងព័ត៌មាន គាំទ្រការស្រាវជ្រាវចងក្រងបទចម្រៀងមរតកដើម ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ និងស្តាប់កម្សាន្ត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី រូបភាព AKP

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្វាគមន៍គាំទ្រ និងថ្លែងអំណរគុណឯកឧត្តម 

អៀវ បណ្ណសិទ្ធ រដ្ឋលេខាធិការ អម

ព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រដែលបានខិតខំដកស្រង់ចម្រៀងសំនៀងពីដើម មកធ្វើការកែសម្រួលសំឡេង ដែលមិនសូវច្បាស់ឱ្យមកច្បាស់ល្អដូចដើម ដើម្បីទុកជូនទស្សនិកជន បានទស្សនាស្តាប់កម្សាន្ត និងជាការថែរក្សាចម្រៀងមរតកដើម ឱ្យនៅស្ថិតស្ថេរគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ ។

 

 ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងដូច្នេះ ក្នុងឱកាសការទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម អៀវ បណ្ណសិទ្ធ រដ្ឋលេខាធិការ អមព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រនៅថ្ងៃទី៥ ខែមីនា នាទីស្តីការក្រសួងព័ត៌មាន ដោយបានចាត់ទុកថា បទចម្រៀងមរតកដើមទាំង ៥១បទ ដែលបានកែសម្រួលនេះ គឺជាបទចម្រៀងដែលពិរោះៗ ហើយមានភាពល្បីល្បាញទៀតផង។

 

ឯកឧត្តម អៀវ បណ្ណសិទ្ធ បានឱ្យដឹងថា បទចម្រៀងទំាងនេះ ឯកឧត្តម បានស្រង់ចេញមកពីYouTube ដែលជាចម្រៀងដើមរបស់អ្នកចម្រៀងជើងចាស់ គឺ លោក ស៊ីន ស៊ីសាមុត អ្នកស្រី រស់ សេរី សុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ហើយបទចម្រៀងទាំងអស់នេះ ឯកឧត្តមបានកែគុណភាពសំឡេង ដោយដកសំឡេងរំខានផ្សេងៗចេញឱ្យមានភាពច្បាស់ល្អ ស្រួលស្តាប់ជាងមុន។ 

 ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា រាល់បទចម្រៀង ដែលឯកឧត្តម អៀវ បណ្ណសិទ្ធ ប្រគល់ជូននេះ ឯកឧត្តម នឹងប្រគល់ជូនទៅទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងវិទ្យុFMជាតិ ៩៦ ទុកសម្រាប់ចាក់ផ្សាយ ជូនទស្សនិក អ្នកស្តាប់បានស្តាប់កម្សាន្ត អារម្មណ៍៕

Comments

Related posts