វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៥ ០៣ ២០២១
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ព្រមទាំងសមាជិកសមាជិការដ្ឋសភា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។
វ៉ាក់សាំងដែលបានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបានផ្តល់ចំនួន៣២ម៉ឺន៤ពាន់ដូស ក្នុងដំណាក់កាលដំបូង តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនហ្មត់ចត់ បើទោះបីជាបានចាក់វ៉ាក់សំាងហើយក្តី។
សម្តេចពញាចក្រី មានប្រសាសន៍ថា ជំងឺកូវីដ-១៩ នៅតែបន្តគំរាមកំហែងពិភពលោកនៅឡើយ ដូច្នេះវិធានការការពារ នៅតែជាចំណុចអាទិភាព ដែលត្រូវតែបន្តអនុវត្ត មិនអាចធ្វេសប្រហែសបានឡើយ។ ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ជាការចូលរួមទាំងអស់គ្នា។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាល បានរៀបចំចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា សម្រាប់ពលរដ្ឋអាយុចាប់ពី៦០ឆ្នាំឡើង នៅភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ ។ ក្នុងរាជធានីភ្នំពេញ គឺនៅមន្ទីរពេទ្យរុស្សី មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យកុមារជាតិ ចំណែកខេត្តកណ្ដាល និងខេត្តព្រះសីហនុ គឺនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងនៅមន្ទីរពេទ្យបង្អែកក្រុង/ស្រុក/ខណ្ឌ៕
Comments