រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថាកម្ពុជាមិនទាន់អាចប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេ

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី 

ភ្នំពេញ ៖  ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា កម្ពុជាមិនទាន់អាចប្រើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន នោះទេ បើទោះជាបច្ចុប្បន្ន ស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ទៅកាន់សហគមន៍កាន់តែរីករាលដាលក្តី។
  ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសចូលរួមឡើងការពារសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លង កាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត កាលពីថ្ងៃទី១១ ខែមីនា ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រើច្បាប់ ដាក់ប្រទេសក្នុងគ្រាអាសន្ន មិនប្រាកដថាអាចធ្វើឱ្យការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាថមថយនោះទេ ផ្ទុយទៅវិញវារឹតតែធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជាកាន់តែធ្លាក់ចុះបន្ថែមទៀត ហើយវិបត្តិសង្គមក៏នឹងកើតមានកាន់តែធ្ងន់ធ្ងរថែមទៀតផង។
   ឯកឧត្តម ពន្យល់ថា ស្ថិតក្នុងគ្រាអាសន្នក្នុងពេលបច្ចុប្បន្ន គឺមានតែការយកច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និង ជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតមកអនុវត្តប៉ុណ្ណោះ ដោយសារថា ច្បាប់នេះក៏មានចែងអំពី វិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទំាងកាត់បន្ថយឱ្យបាន ជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះចំពោះវិស័យសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជា។
  មាត្រា៤ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះហត្ថលេខាចូលជាធរមានដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានកំណត់ថា រាជរដ្ឋាភិបាលអាចដាក់ចេញជាបណ្តោះអាសន្ននូវវិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានភាពចាំបាច់ និងមានប្រយោជន៍ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល
នៃជំងឺកូវីដ-១៩ មានជាអាទិ៍៖ -ការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ, - ការរឹតត្បិតឬការហាមឃាត់ការជួបជុំ និងការ ប្រមូលផ្តុំមនុស្ស ដែលសកម្មភាពនេះអាចបណ្តាលឱ្យមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, - ការហាមឃាត់ឬការកម្រិត ការធ្វើសកម្មភាពការងារ ឬមុខរបរដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, -ការបិទខ្ទប់តំបន់ ឬ ទីកន្លែងមួយចំនួនដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, -ការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញ ដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងកូវីដ-១៩ និងវិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
   ក្នុងករណីបន្ទាន់ និងចាំបាច់ រាជរដ្ឋាភិបាល អាចប្រគល់សិទ្ធិអំណាចដល់ក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ច ដើម្បីដាក់ ចេញនូវវិធានការខាងលើ និងជាការធានាដល់ការអនុវត្តវិធានការខាងលើ សំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា។
   ឯកឧត្តម សុខ ឥសាន សមាជិកព្រឹទ្ធសភា ស្នើឱ្យមានការអនុវត្តច្បាប់នេះ យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារអាយុជីវិតរបស់ ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសចំពោះអ្នកមានចេតនាចម្លងជំងឺកូវីដ-១៩ទៅអ្នក ដទៃ។
   គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ១.២២៥នាក់ ក្នុងនោះត្រូវបានព្យាបាលឱ្យជា សះស្បើយឡើងវិញចំនួន៦១៩នាក់ និងស្លាប់ម្នាក់ បន្ទាប់ពីឆ្លងជំងឺកូវីដក្នុងព្រឹត្តិការណ៍ ២០កុម្ភៈ។
   មកដល់ពេលនេះ រាជធានី-ខេត្តដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍ ២០កុម្ភៈឆ្នាំ២០២១មានដូចជា៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ កោះកុង កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប ហើយអាជ្ញាធរ ក៏បានសម្រេចបិទទីតាំងនានា ដែលត្រូវបានរកឃើញមានការផ្ទុះឡើងនៃជំងឺនេះ ព្រមទាំងផ្អាកការជួបជុំដែលមានមនុស្សច្រើនដូចជាជំនួបប្រជុំ ពិធីមង្គលការ និងបុណ្យផ្សេងៗផងដែរ៕

Comments

Related posts