ក្រសួងប្រៃសណីយ៍ ចាត់វិធានការ ម្ចាស់អាជីវកម្មដែលមិនគោរពលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាត

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 
ភ្នំុពេញ៖  ក្រសួងប្រៃសណីយ៍បានប្រកាសចាត់វិធានការចំពោះម្ចាស់អាជីវកម្ម  ដែលមិនគោរពបាននូវលក្ខខណ្ឌនៃអាជ្ញាបណ្ណនិង លិខិតអនុញ្ញាត ដើម្បីធានាការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញនិងការផ្តល់សេវាទូរគមនាគមន៍ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព គុណភាព ភាពអាចទុកចិត្តបាន ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលវិទ្យុជាតិកម្ពុជាទទួលបានឱ្យដឹងថា អនុលោម តាមច្បាប់ស្តីពីវិស័យប្រៃសណីយ៍ និងលិខិតបទដ្ឋាននានា អាជីវកម្មប្រៃសណីយ៍គ្រប់ប្រភេទនៃព្រះរាជាណាចក្រ កម្ពុជា ត្រូវស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ម្ចាស់អាជីវកម្មក្នុងវិស័យប្រៃសណីយ៍គ្រប់រូបតម្រូវឱ្យមានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតជាដាច់ខាត ដើម្បីប្រកបអាជីវកម្ម។  នាពេលកន្លងទៅ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសង្កេតឃើញថា ម្ចាស់អាជីវកម្មមួយចំនួន នៅមិនទាន់គោរពបាន នូវលក្ខខណ្ឌនៃអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតគ្រប់ជ្រុងជ្រោយនៅឡើយ។   ម្ចាស់អាជីវកម្មខ្លះ  កំពុងប្រកបអាជីវកម្មរបស់ខ្លួន ដោយគ្មានអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតមានសុពលភាព ពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ដែលទង្វើនេះផ្ទុយទៅនឹង បទប្បញ្ញត្តិ នៃមាត្រា២៤ និងមាត្រា៤៨ នៃច្បាប់ស្តីពីវិស័យប្រៃសណីយ៍។   
ក្រសួងប្រៃសណីយ៍ បញ្ជាក់ថា ម្ចាស់អាជីវកម្មដែលគ្មានអាជ្ញាបណ្ណអាចនឹងត្រូវបញ្ឈប់អាជីវកម្មជាបន្ទាន់ និងត្រូវពិន័យជា ប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ដល់ ១០.០០០.០០០ (ដប់លាន)រៀល  ករណីមិនរាងចាលនឹងត្រូវបញ្ជូនសំណុំរឿង ទៅតុលាការ។   ប្រភពដដែលបន្តថា ក្នុងគោលដៅជំរុញឱ្យការគ្រប់គ្រងវិស័យប្រៃសណីយ៍ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សណ្តាប់ធ្នាប់ និងការពារបាននូវផលប្រយោជន៍អ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូម ម្ចាស់អាជីវកម្ម ដែលកំពុងធ្វើប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ទាំងអស់  ចូលរួមសហការ ដូចជា ម្ចាស់អាជីវកម្មដែលពុំទាន់ មានអាជ្ញាបណ្ណសម្រាប់ស្នាក់ការកណ្តាលនិងលិខិតអនុញ្ញាតឱ្យបើកសាខាដែលមានទីតាំងនៅរាជធានីភ្នំពេញ ត្រូវស្នើសុំមក ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។  ចំពោះម្ចាស់អាជីវកម្ម ដែលពុំទាន់មានលិខិតអនុញ្ញាត ឱ្យបើកសាខាដែលមានទីតាំង តាមបណ្តាខេត្តត្រូវស្នើសុំមកកាន់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត ដែលសាខានោះតាំងនៅ ។ ម្ចាស់អាជីវកម្មដែលមិនទាន់បានបំពេញតាមបទប្បញ្ញត្តិខាងលើ  ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំអាជ្ញាបណ្ណ /ឬលិខិតអនុញ្ញាត  យ៉ាងយូរបំផុតឱ្យបានត្រឹមថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ជាកំហិត៕

Comments

Related posts