វិទ្យុជាតិកម្ពុជា ៖
ភ្នំពេញ៖ រដ្ឋបាលរាជធានីចាប់ផ្តើមដំណើរការសាងសង់ឈាបនដ្ឋានតាមស្តង់ដារក្រសួងសុខាភិបាលដើម្បីបូជាសព ស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងគោលដៅធានាសុវត្ថិភាព ទប់ស្កាត់ការរីករាលដាលជំងឺដ៏ កាចសាហាវនេះ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹង ថា ចំពោះមុខ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងការដឹកនាំបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ភ្លាមៗអាជ្ញាធរ និងជំនាញពាក់ព័ន្ធបានគិតគូរជ្រើសរើសទីតាំងសម្រាប់រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយគិតគូរពីសុវត្ថិភាព និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា រដ្ឋបាលរាជធានីបានសម្រេចយកទីតាំង ក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ធ្វើជាឈាបនដ្ឋានក្នុងទំហំ១០ហិកតា សម្រាប់បូជាសពអ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩នេះ ដោយសារទីនោះមិនប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ។
លោក ម៉េត មាសភក្ដី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំផ្ទៃដីទំហំប្រមាណ១០ហិកតា និងឡជាបច្ឆាបច្ចេកទេសស្តង់ដារចំនួន ៦ សម្រាប់ត្រៀមបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ។
សូមបញ្ជាក់ថា ទោះបីមកដល់ពេលនេះការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតែបន្តមាន និងមានអ្នកស្លាប់ម្នាក់ក្ដី ក៏ភូមិសាស្ត្ររាជធានីភ្នំពេញមិនត្រូវបានប្រកាស បិទ ឬផ្អាកចរាចរណ៍តំបន់ណាឡើយ លើកលែងតែទីតាំងប្រមាណជាង១០០ទីតាំង ដែលមានដូចជាផ្ទះ ឬខុនដូជាដើម មានអ្នកពាក់ព័ន្ធកំពុងរស់នៅ និងធ្វើចត្តាឡីស័កប៉ុណ្ណោះដែល ត្រូវបានហ៊ុំព័ន្ធទីនោះ ព្រោះថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួចជាស្រេចចំពោះការដោះស្រាយសភាពការណ៍បន្ទាន់ៗ ទាំងការរៀបចំទីតាំងធ្វើចត្តាឡីស័ក ទីតាំងព្យាបាល ពិសេសគឺការការពារសន្តិសុខសណ្ដាប់ធ្នាប់តំបន់ពាក់ព័ន្ធទាំងនោះ៕
Comments