អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបន្តពង្រឹងវិធានកិច្ចការពារ ការឆ្លងបន្តជំងឺកូវីដ-១៩ និងរៀបចំទីតាំងបញ្ចុះ និងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺនេះ

 

វិទ្យុជាតិកម្ពុជា៖លោកហ៊ាង ចាន់ថា

(ត្បូងឃ្មុំ)៖ អនុវត្តន៍តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាឲ្យតាមបណ្តាខេត្តរៀបចំ ទីបច្ឆាមរណៈ ពាក់ព័ន្ធនឹងការបញ្ចុះនិងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ខណៈជំងឺនេះកំពុងផ្ទុះឆ្លងរាលដាល ចូលក្នុងសហគមន៍នៅកម្ពុជា ក្នុងព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈកន្លងទៅ នាព្រឹកថ្ងៃទី១២ ខែមីនាឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទ សោភ័ណអភិបាលខេត្តត្បូងឃ្មុំបានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយគណៈកម្មការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ថ្នាក់ខេត្ត-ស្រុក សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធ ដើម្បីរៀបចំទីតាំងបញ្ចុះ និងបូជាសព អ្នកដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារ ទាំងយប់ទាំងថ្ងៃ ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ ក៏បានជំរុញឲ្យក្រុមការងារទាំងអស់ បន្តពង្រឹងបន្ថែម។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការក្រើនរំលឹក ណែនាំ និងដាក់ចេញវិធានការមួយចំនួនបន្ថែមទៀត ដើម្បីពង្រឹងការងារ កាន់តែមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់ ធានាដល់ការទប់ស្កាត់ការឆ្លងរាលដាលចូលក្នុងសហគមន៍ នៅខេត្តត្បូងឃ្មុំ ដោយចាត់ឲ្យគណៈកម្មការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ថ្នាក់ខេត្ត-ស្រុក អភិបាលក្រុងស្រុក មន្ទីរជំនាញ និងអាជ្ញាធររួមគ្នាត្រូវអនុវត្តន៍ឲ្យខាងតែបាន រួមមានៈ

-ត្រូវរៀបចំការដឹកជញ្ជូនពលរដ្ឋឲ្យបានត្រឹមត្រូវ ពិសេសដឹកចូលមកខេត្តត្បូងឃ្មុំ ទៅកាន់ទីតាំងចត្តាឡីស័ក ដែលលើស ពី៥ឡានឡើង ត្រូវមានឡានស៊ីរ៉ែន ចៀសវាងគ្រោះថ្នាក់នានាតាមផ្លូវ

-រៀបចំអាហារជូនទាំងនៅតាមផ្លូវ និងនៅទីតាំងចត្តាឡីស័កឲ្យបានគ្រប់គ្រាន់

-គ្រប់គ្រងឲ្យបានគ្រប់ទីតាំងចត្តាឡីស័ក និងរៀបចំឲ្យស្អាត មានអនាម័យល្អ ហើយចំពោះអ្នកមាន អាការរោគសញ្ញាសង្ស័យនានា ត្រូវបញ្ជូនទៅបន្ទប់ដោយឡែកភ្លាម ដាច់ពីអ្នកកំពុងធ្វើចត្តាឡីស័កដ៍ទៃទៀត

-បែងចែកក្រុមការងាររុករកស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពិសេសរៀបចំកំណត់សញ្ញាណតំបន់ហានិភ័យ មកពីតាមទីតាំងរាជធានីខេត្ត ដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ

-រៀបចំមន្ត្រីសុខាភិបាល និងសមត្ថកិច្ចប្រចាំការឲ្យបានច្បាស់លាស់២៤ម៉ោងលើ២៤ម៉ោង បន្តពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាលលើការងារបច្ចេកទេស និងសម្ភារបរិក្ខារឲ្យបានគ្រប់គ្រាន់ 

-ត្រូវក្តាប់ព័ត៍មានបងប្អូនដែលចំណូលស្រុក ដោយឲ្យមេឃុំ មេភូមិ មេប៉ុស្តិ និងប្រជាការពារ បែងចែកតាមដាន ឲ្យបានច្បាស់លាស់ដល់ខ្នងផ្ទះ

-រួមគ្នាសិក្សាលទ្ធភាព រៀបចំទីតាំងឈាបនដ្ឋាន និងកន្លែងបញ្ចុះសពឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងបន្តពីសព ក្នុងករណីមានអ្នកស្លាប់

-គ្រប់សាសនាទាំងអស់ អ្នកជំងឺដែលស្លាប់ ត្រូវអនុវត្តន៍ការបូជា ឬបញ្ចុះសាកសព ទៅតាមតាមវិធានសុខាភិបាល

-គ្រប់អាហារដ្ឋានទាំងអស់ត្រូវក្សាគម្លាតកន្លែងអង្គុយ មានម៉ាស់ អាល់កុលឬជែល និងម៉ាស៊ីនវាស់កម្ដៅ នៅមុខទីតាំងចូល បើមិនអនុវត្តន៍តាម ត្រូវបិទទីតាំងតែម្តង 

-គ្រប់ទីប្រជុំជនពិសេសផ្សារ ទាំងអាជីវករ និងអ្នកចូលទៅក្នុងផ្សារ ត្រូវតែពាក់ម៉ាស់ បើមិនមានទេ ដាច់ខាតហាមមិនឲ្យចូល

-ត្រូវបន្តធានារក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសភូមិឃុំ-សុវត្ថិភាព និងចាំទទួលរាល់សំណើពលរដ្ឋ យកទៅដោះស្រាយ

-បន្តផ្សព្វផ្សាយនូវរាល់វិធានការបង្ការទប់ស្កាត់ការឆ្លងបន្តនៃជំងឺកូវីដ-១៩ ពិសេសគ្រប់បណ្តាញផ្សព្វផ្សាយទាំងអស់ តាមគ្រប់រូបភាព ដោយធ្វើជាយុទ្ធនាការផ្សព្វផ្សាយរួមគ្នា នូវច្បាប់ថ្មីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ពីទោសទណ្ឌ និងការផាកពិន័យ ពិសេសមាត្រា០៧ មាត្រា០៨ និងមាត្រា០៩ ដើម្បីបញ្ជ្រាបដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនិងគ្រប់ស្រទាប់មហាជន នៅគ្រប់មូលដ្ឋានទូទាំងខេត្តឲ្យបានដឹង និងបានយល់៕IMG_20210312_154226_079

Comments

Related posts