ក្រសួងការងារបើកប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ ដែលព្យួរកិច្ចសន្យាការងារ

 

វិទ្យុជាតិកម្ពុជា÷លោក ជួន បូណា

MC÷ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងដល់បងប្អូនកម្មករនិយោជិតចំនួន ៣ ៩០៥ នាក់ នៃរោងចក្រ សហគ្រាសទាំង២៣ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលទទួលបាន ការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាម ស្មារតីជុំទី៣នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល គឺអាចបើកប្រាក់នៅតាមធនាគារឯកទេសវីង នឹងផ្ញើសារអំពីការបើកប្រាក់ ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈ រដ្ឋបាលរោងចក្រ សហគ្រាស នាពេលកន្លងមក។

ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀលនិងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ - ១២១,៥០០រៀល (៣០ដុល្លារអាមេរិក សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់២០ថ្ងៃ ១៦២,០០០រៀល (៤០ដុល្លារអាមេរិក ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ ។ សូមបញ្ជាក់ថា សម្រាប់ បងប្អូនដែលព្យួរកិច្ចសន្យាការងាររយៈពេល ២ខែ ប្រាក់ឧបត្ថម្ភនឹងត្រូវបើកជា ២លើក ដោយលើកទី២ នឹងបើកនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។ 

ក្រសួងសូមរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខានមិនបាន ទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវីង។ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ ភ្នាក់ងារវីងដែលនៅជិតបំផុត។ សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។

ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង២៣ នេះ មិនបានទទួលសារ ទូរស័ព្ទពី ធនាគារឯកទេសវីង សូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មកររោងចក្រ សហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្តល់ ប្រាក់ឧបត្ថម្ភនេះ៕

Comments

Related posts