រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបិទហាងស៊ុបពីរកន្លែងនិងខារ៉ាអូខេមួយកន្លែង ដែលល្មើសនឹងវិធានសុវត្ថិភាពទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក

 រដ្ឋបាលខេត្តបាត់ដំបងបានបិទជាបណ្តោះអាសន្ន នូវហាងស៊ុបពីរកន្លែង និងខារ៉ាអូខេមួយកន្លែង ដែលមិនមាន អាជ្ញាប័ណ្ណទេសចរណ៍ និង បានល្មើសទៅនឹងវិធានសុវត្ថិភាពទេសចរណ៍ ដែលងាយនឹងបង្កឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩។
ក្នុងលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង ដែលផ្សព្វផ្សាយនាថ្ងៃទី១២ មីនា គឺសម្រេចផ្អាកជាបណ្ដោះអាសន្ន អាហារដ្ឋាន អាជីវកម្ម " ស៊ុបបងប្អូន និង ស៊ុបប្រាកដ  "  និង ហាងខារ៉ាអូខេ ឈ្មោះ ហ្គោលឌិន ទីតាំងស្ថិតក្នុងភូមិនំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ។

photo_2021-03-12_23-51-57
លិខិតបញ្ជាក់ថា ហាងខាងលើនេះ ត្រូវសម្រេចឱ្យផ្អាកអាជីវកម្មបណ្តោះអាសន្ន ដោយសារតែមិនមានអាជ្ញាប័ណ្ណទេសចរណ៍ និង មិនបានគោរពតាមការណែនាំ ស្តីពីវិធានសុវត្ថិភាពទេសចរណ៍ក្នុងដំណាក់កាលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។
លោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ ខេត្តបាត់ដំបង បានឱ្យដឹងថា ម្ចាស់ហាង ដែលត្រូវបានផ្អាកអាជីវកម្មខាងលើនេះ គឺ ដោយសារតែមិនបានអនុវត្តន៍នូវវិធានសុវត្ថិភាពទេសចរណ៍ ទៅតាមការណែនាំ របស់ក្រសួងទេសចរណ៍និងក្រសួងសុខាភិបាល ។

photo_2021-03-12_23-52-08
សូមបញ្ជាក់ថា ក្រោយពេលផ្ទុះជំងឺកូវីដ-១៩ចូលសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ខាងមន្ទីរទេសចរណ៍ អាជ្ញាធរនិង កងកម្លាំងក្រុង បានចុះធ្វើការណែនាំអប់រំម្ចាស់ហាងនានា ឱ្យគោរពឱ្យបានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាពទេសចរណ៍ ជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបានរំលឹកបន្ថែមឱ្យ ម្ចាស់អាជីវកម្មទាំងអស់ ពង្រឹងបន្ថែមនូវការអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ«៣ ការពារ ៣ កុំ»ដែលរួមមាន៖
➢ អនុវត្ត ៣ ការពារ
– ពាក់ម៉ាស់– លាងដៃឲ្យបានញឹកញាប់ - និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នា និង គ្រប់ទីកន្លែង។
➢ អនុវត្ត ៣ កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ
– កុំទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគា្ន កុំឱបគ្នាជាដើម ពេលជួបគ្នា។ អ្នកមានផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅផ្ទះ ហើយត្រូវទាក់ទងគ្រូពេទ្យ ឬហៅទៅលេខ ១១៥៕

photo_2021-03-12_23-52-18

Comments

Related posts