ឯកឧត្តម ងី ច័ន្រ្ទផល និងឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះសួរសុខទុក្ខសហគមន៍ជនជាតិដើមភាគតិច នៅក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី

វិទ្យុជាតិកម្ពុជា៖លោក ស៊ីផុន ហ៊ុងគ្រី

មណ្ឌលគិរី៖ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មណ្ឌលគិរី លោក សាយ ម៉េងគីម អភិបាលរងខេត្ត រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដី បានអញ្ជើញ ចុះជួបសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមសហគមន៍ជនជាតិដើមភាគតិចព្នង នៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ និងភូមិពូឡេះ ភូមិពូឆប ភូមិពូត្រែង នៅឃុំដាក់ដាំ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១។ 

photo_2021-03-13_20-44-42

ក្នុងការជួបសំណេះសំណាលនោះ ឯកឧត្តម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឲ្យក្រុមសហគមន៍នីមួយៗ លើកឡើងអំពីការគ្រប់គ្រងដីរបស់សហគមន៍ បញ្ហាប្រឈម និងសំណូមពរ ដែលខាងសហគមន៍នីមួយៗ បានចុះអនុវត្ត នាពេលកន្លងមក ដើម្បីឲ្យក្រុមការងារថ្នាក់ដឹកនាំក្រសួង ឫស្ថាប័នពាក់ព័ន្ធបានដឹង និងចូលរួមសហការគ្នាដោះស្រាយជូន។ 

photo_2021-03-14_07-08-43

បន្ថែមលើសនេះ ឯកឧត្តម ក៏បានណែនាំដល់បងប្អូនសហគមន៍ជនជាតិដើមភាគតិចទាំងអស់ ត្រូវយល់ដឹងពីច្បាប់ លក្ខន្តិកៈ របស់សហគមន៍ជនជាតិដើមភាគតិច ការគ្រប់គ្រង ការប្រើប្រាស់ដីសហគមន៍ឲ្យមានប្រសិទ្ធភាព ដើម្បីធានាបាននូវនិរន្តរភាព នៃការអាស្រ័យផល និងអនុផលព្រៃឈើ ដែលជាវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសចូលរួម ថែរក្សា ការពារធនធានធម្មជាតិ សម្រាប់កូនចៅជំនាន់ក្រោយឲ្យបានគង់វង្ស។ 

photo_2021-03-14_07-08-42

ឯកឧត្តម បានជំរុញដល់មន្រ្តីជំនាញទាំងអស់ ត្រូវខិតខំស្វែងរកដៃគូ ឬគម្រោងនានា ដើម្បីបន្តអភិវឌ្ឍសហគមន៍ឲ្យកាន់តែ រីកចម្រើន ឈានទៅជាសហគមន៍គំរូ និងសហគមន៍អេកូទេសចរណ៍ ដើម្បីទាញយកប្រយោជន៍បន្ថែមពីធនធានព្រៃឈើ បង្កើតនិងបង្កើនប្រភពចំណូល កែលម្អជីវភាព តាមរយ:បង្កើតរបរបន្ថែម ដូចជាការចិញ្ចឹមសត្វ និងដាំដំណាំផ្សេងៗ ជាពិសេសចូលរួមថែរក្សា និងអភិរក្សវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងជំនឿសាសនារបស់បងប្អូនជនជាតិដើមភាគតិច ឲ្យបានគង់វង្ស។

photo_2021-03-13_20-44-37
  ឯកឧត្តម ងី ច័ន្រ្ទផល បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្នុងការការពារ និងទប់ស្កាត់ឲ្យខាងតែបាននូវរោគរាតត្បាត នៃជំងឺកូវីដ-១៩ ហើយចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា និងត្រូវចូលរួមអនុវត្តឲ្យបាន ៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល៕

Comments

Related posts