ដើមឈើប្រណិតប្រមាណ១០ម៉ឺនដើម ត្រៀមដាំនៅលើឧទ្យានជាតិរាជធានីភ្នំពេញ 

វិទ្យុជាតិកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញគ្រោងនឹងដាំដើមឈើប្រណិតប្រមាណ១០ម៉ឺនដើមបន្ថែមទៀត នៅលើ ឧទ្យានជាតិរាជធានីភ្នំពេញ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យមានភាពស្រស់ បំព្រងមានជម្រកពណ៌បៃតង មានបរិស្ថានល្អ និងដើម្បីទុកជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយផង។
ដើមឈើប្រភេទធ្នង់ប្រមាណ ១០ម៉ឺនដើមនេះនឹងត្រូវដាំនៅតំបន់បឹងតាមោក ក្នុងខណ្ឌព្រែកព្នៅ លើផ្ទៃដី ៧៥ហិកតា ។

photo_2021-03-14_09-24-23
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបញ្ជាក់ថា នេះជាការគិតគូរវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបង្កើន ភាពស្រស់ស្អាត ជាទីក្រុងបៃតង ទទួលបាននូវការទាក់ទាញ។
កន្លងមកឯកឧត្តម ធ្លាប់បានអំពាវនាវទៅប្រជាពលរដ្ឋ, មន្ត្រីរាជការមហាជនទូទៅ ឱ្យចេះស្រឡាញ់ដើមឈើ ឲ្យដូចស្រឡាញ់កូនចៅខ្លួនឯង។
លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹងដែរថា៖ កន្លងមករដ្ឋបាលព្រៃឈើភ្នំពេញ បានដាំដើមឈើប្រភេទធ្នង់ គគីរ នៅតាមទីសាធារណៈជាច្រើន ដូចជានៅតាមផ្លូវសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ)ដាំដើមធ្នង់ គគីរ ១៨០០ដើម, នៅតំបន់បឹងកក់ ជាង៧០០ដើម, នៅតាមផ្លូវ៦អា ជាង១០០០ដើម, នៅតាមផ្លូវចំការដូងជាង២០០០ដើម, នៅតាមផ្លូវជាតិលេខ៤ ជាង៥០០ដើម, នៅវត្តភ្នៀត ជាង៩០០ដើម, នៅវត្តគល់ទទឹងជាង ១០០០ដើម, នៅក្នុងមន្ទីរពេទ្យ កុមារជាតិ ជាង២០០ដើម,នៅវិទ្យាល័យសុខាភិបាលការពារជាតិជាង៥០០ដើម និងនៅក្នុងវិទ្យាល័យដូនពេញជាង២០០ដើម ។

គួរបញ្ជាក់ថា៖ អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមហាជនត្រូវចូលរួមដាំឈើបន្ថែម និងថែរក្សាដើមឈើឲ្យបានល្អ និងគង់វង្សដើម្បីបង្កើនគម្របបៃតងឲ្យបានកាន់តែច្រើន សំរាប់រក្សាលំនឹងបរិស្ថាន និងធម្មជាតិសំរាប់ជីវិតមនុស្សសត្វ លើភពផែនដីយើងនេះឲ្យប្រកបដោយនិរន្តរភាព និងស្រស់បំព្រងគ្រប់រដូវកាល ។ ព្រៃឈើពិតជាបានចូលរួមចំណែកអភិវឌ្ឍន៏សេដ្ឋកិច្ចសង្គម វប្បធម៌ទេសចរណ៍ និងការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដី នៅទីជម្រាល និងប្រពន្ធ័ការពារជីវចម្រុះជាដើម៕

Comments

Related posts