សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមសាកល្បងផលិតស្រាស្វាយហើយ

វិទ្យុជាតិកម្ពុជា៖ ម៉ៅ សុខរីម 
ភ្នំពេញ ៖ សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ កំពុងសាកល្បងផលិតស្រាកែច្នៃពីផ្លែស្វាយហើយ បន្ទាប់ពីសហគមន៍នេះ ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសរួចរាល់ពីមន្ទីរកសិកម្មខេត្ត ។
លោក អ៊ុ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បន្ទាប់ពីមើលឃើញ ប្រជាកសិករសល់ស្វាយជន់ជោរហើយទទួលបានតម្លៃទាប មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចាត់ក្រុម មន្ត្រីជំនាញឱ្យមកបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួន ពាក់ព័ន្ធនឹងការកែច្នៃផ្លែស្វាយទៅជាស្រាស្វាយ ជូនទៅដល់ ប្រជាសហគមន៍ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ ។ 

photo_2021-03-12_23-02-23
លោកបន្តថា បច្ចុប្បន្នសហគមន៍កំពុងចាប់ផ្ដើមសាកល្បងផលិតស្រាចេញពីផ្លែស្វាយ ដោយការសាកល្បងនេះ ត្រូវរង់ចាំ រយៈពេល១៤ថ្ងៃ ដើម្បីដឹងលទ្ធផលដែលត្រូវតាមបច្ចេកទេសរបស់មន្ត្រីជំនាញដែលបានបង្រៀនដែរឬយ៉ាងណា ។ 
សំឡេង« យើងទើបតែសាកល្បងចឹង១៤ថ្ងៃ ទើបយើងដឹងលទ្ធផលថាវាចេញជាស្រាដែរឬអត់ បើចេញជាស្រាយើងនឹង ដំណើរការល្អ ទីមួយសហគមន៍យើងមានគម្រោងមិនមែនត្រឹមតែស្រានោះទេ យើងចង់ធ្វើស្រាពីផ្លែស្វាយ ទឹកផ្លែឈើធ្វើពី ស្វាយ ភេសជ្ជៈធ្វើពីស្វាយ នឹងចាហួយកែច្នៃចេញពីផ្លែស្វាយទៀតផង » ។

photo_2021-03-12_23-02-26
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលបច្ចេកទេសផលិតស្រា ដែលកែច្នៃចេញពីផ្លែស្វាយគឺជាមធ្យោបាយដ៏ល្អដែលជួយបង្កើតផលិតផលក្នុងស្រុកចេញពីវត្ថុធាតុដើមក្នុងស្រុកជួយលើក កម្ពស់សេដ្ឋកិច្ចគ្រួសារ។ លោកប្រធានមន្ទីរបញ្ជាក់ថា ប្រសិនបើគម្រោងនេះទទួលបានជោគជ័យ នោះប្រជាកសិករដែលដាំ ស្វាយនៅតំបន់នេះលែងបារម្ភពីការជន់ជោរសល់ស្វាយចោលទៀតហើយ ដោយពួកគាត់អាចយកមកកែច្នៃដើម្បីបំពេញ តម្រូវការទីផ្សារ។
សំឡេង«ក្រោយពីបានបណ្តុះបណ្ដាលហើយ ឥឡូវនេះកសិករយើងកំពុងតាមដាននូវការសាកល្បងធ្វើស្រា ដែលទាមទារ រយៈពេល១៤ថ្ងៃ ទើបស្វាយហ្នឹងវាកាច់ទៅជាស្រាបានពេញលេញ ចឹងយើងកំពុងតាមដានទាំងអស់គ្នា ទាំងសហគមន៍ ទាំងមន្ទីរកសិកម្មតាមដានជាប្រចាំដែលបើមានបញ្ហាអីយើងនឹងសួរនាំទៅគ្រូរបស់យើងដែលមកបណ្ដុះបណ្តាលហ្នឹង»។

photo_2021-03-12_23-02-30

សូមបញ្ជាក់ថា សហគមន៍កសិកម្មសាមគ្គីតំបែរ ខេត្តត្បូងឃ្មុំ មានសមាជិកចំនួន៧០នាក់ មានផ្ទៃដីដាំស្វាយកែវរមៀត ប្រមាណ១២៧ហិកតាស្មើនឹងប្រមាណ៣ម៉ឺនដើម ដែលអាចផ្តល់ទិន្នផលស្វាយប្រមាណ៣,៧២០តោនសម្រាប់ស្វាយខ្ចប់ និងប្រមាណ២ពាន់តោនសម្រាប់ស្វាយខៀវក្នុង១ឆ្នាំៗ ៕

Comments

Related posts