រដ្ឋបាលខេត្តកំពត ប្រកាសឱ្យប្រជាពលរដ្ឋផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្ន

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ០៣ ២០២១

 

MC៖ រដ្ឋបាលខេត្តកំពត ប្រកាសឱ្យប្រជាពលរដ្ឋផ្អាកការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពតដែលវិទ្យុជាតិកម្ពុជាទទួលបាន នៅថ្ងៃទី១៥ខែមីនានេះ ឱ្យដឹងថា ដើម្បីបង្កលក្ខណៈដល់មន្ត្រីជំនាញ បន្តការស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលមានហានិភ័យខ្ពស់និងដើម្បីកាត់ផ្តាច់នូវខ្សែចម្លងចូលក្នុងសហគមន៍ រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់ អភិបាល នៃគណៈអភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានាក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើន ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធី ដែល បានស្នើសុំរួចឲ្យគាត់លើកពេល ឬផ្អាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងរយៈពេល ២សប្តាហ៍សិន។ 

រដ្ឋបាលខេត្តបានបញ្ជាក់ថា ការដែលអាជ្ញាធរខេត្តចេញលិខិតនាពេលនេះ មិនមានប្រតិសកម្មជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឱ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី ៥នាក់(ប្រាំនាក់)ក្នុងមួយតុ។ ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅតែបន្តរៀបចំពិធីដោយរពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវចុះបិទ ឬផ្អាកពិធី នៃការជួបជុំនោះជាបន្ទាន់។ត្រូវមានវិធានការច្បាប់ដែលមានជាធរមាន ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ក្នុងករណីការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានា ជាបណ្តោះអាសន្នរយៈពេល ២សប្តាហ៍នេះ ប្រសិនបើព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តកើនឡើងនោះ គឺត្រូវបន្តផ្អាកជាបណ្តោះអាសន្នបន្ថែមទៀតរហូតដល់រដ្ឋបាលខេត្ត ចេញនូវសេចក្តីជូនដំណឹងឱ្យដំណើរការពិធីឡើងវិញ ។

សូមបញ្ជាក់ថា ការណែនាំរបស់អាជ្ញាធរខេត្តនេះ ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពត បានសង្កេតឃើញថានៅមានប្រជាពលរដ្ឋមួយចំនួនតូចនៅតែបន្តរៀបពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សជាច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងបងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តាមវិធានការ “៣កុំ និង ៣ការពារ" កត្តាទាំងនេះបានបង្កជាហានិភ័យខ្ពស់ក្នុងការចម្លងនិងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូល ក្នុងសហគមន៍៕IMG_20210315_125324_185IMG_20210315_125326_517

Comments

Related posts