សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី បិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ពិចារណាបិទពិធីមង្គលការ និងពិធីជួបជុំទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ។ 

 

តាមរយៈសារសំឡេងសម្តេចតេជោ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កាលពីពេលកន្លងទៅសម្តេចបានផ្តល់អំណាច សម្រាប់ខេត្ត រាជធានីទាំងអស់ ចំពោះករណីនានា ការបិទការជួបជុំឬក៏ពិធីអ្វីមួយនៅក្នុងខេត្ត ។

 

សម្តេចតេជោបន្តថា បច្ចុប្បន្នដោយពិនិត្យឃើញរាជធានីនិងខេត្តមួយចំនួន ចាត់វិធានការដូចជាការផ្អាកការជួបជុំ ការរៀបចំពិធីមង្គលការជាដើម ក៏ប៉ុន្តែក៏បានពិនិត្យឃើញខេត្តមួយចំនួនទៀត ក៏មិនទាន់បានចាត់ចែង ស្របជាមួយនឹងការរីករាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរនោះ សម្តេចសូមឱ្យបណ្តាខេត្ត ធ្វើការពិចារណាអំពីការបិទ ការផ្អាកការរៀបចំណាមួយ តាមការសម្រេចចិត្តរបស់ខេត្តរៀងៗខ្លួនឱ្យបានហ្មត់ចត់ ខណៈការរៀបអាពាហ៍ពិពាហ៍បានកើតឡើងនូវហានិភ័យ ដូចជាករណីថ្មីៗដែលបានកើតឡើងក្នុងខេត្តតាកែវ ហើយអ្នកដែលទៅចូលរួមពិធីមង្គលការបានធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ដូច្នេះសូមស្នើឱ្យអភិបាលខេត្តទាំងអស់មេត្តាយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

 

  សម្តេចតេជោលើកឡើងថា អ្នកនៅភ្នំពេញទៅស៊ីការអ្នកនៅខេត្ត ហើយក៏បានផ្ទុះវិជ្ជមានកូវីដ១៩ ដែលនេះគឺជារឿងមួយ ដែលផ្អើលកន្លះប្រទេស ដូច្នេះអាពាហ៍ពិពាហ៍គួរត្រូវបានផ្អាក ហើយប្រសិនបើជាធ្វើក្នុងរង្វង់សែនព្រេនជាបណ្តោះអាសន្នសិន ក្នុងពិធីតូចតាចក្នុងគ្រួសារ ហើយចាំរៀបការលើកក្រោយក៏មិនយឺតពេលដែរ ។ 

សំឡេង៖ «ប្រពៃណីទំនៀមទន្លាប់របស់ខ្មែរមិនប្រកែប្រកាន់ជាមួយនឹងរឿងនេះទេ សូម្បីតែសម្តេចផ្ទាល់ ការនៅជំនាន់ប៉ុលពត គ្មានអាចារ្យ គ្មានអ្នកដឹកដៃ គ្មានភ្លេង តែទីចុងបំផុតសម្តេចរស់នៅជាមួយប្តីប្រពន្ធរហូតដល់តកូនតចៅ ប៉ុន្តែមានអាពាហ៍ពិពាហ៍ខ្លះដែលមានការរៀបចំគគ្រឹកគគ្រេង តែមិនបានប៉ុន្មានថ្ងៃ ប៉ុន្មានខែ ប៉ុន្មាន ឆ្នាំផង លែងលះគ្នារួចស្រេចទៅហើយ ដូច្នេះប្រជាពលរដ្ឋនៅក្នុងកាលៈទេសៈនេះមានការយោគយល់ ចំពោះការលំបាកដែលបានកំពុងកើតមាន ។អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្តរបស់ខ្លួន ដូចដែលនៅខេត្តមួយចំនួនបើតាមខ្ញុំដឹង ខេត្តកែប ខេត្តកំពត ទីក្រុងភ្នំពេញ និងខេត្តមួយចំនួនបានធ្វើរួចហើយ អ៊ីចឹងសូមឯកឧត្តមលោកជំទាវ ពិនិត្យមើលដើម្បីរៀបចំនូវលិខិតជូនដំណឹងដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»៕

Comments

Related posts