អណ្តូងប្រេងចំនួន៤បន្ថែមទៀតដំណើរការបូម បើទោះថិតក្នុងដំណាក់កាលកំពុងរាតត្បាតដោយកូវីដ១៩

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៥ ០៣ ២០២១

MC: ក្រសួងរ៉ែ និងថាមពល អះអាងថា អណ្តូងប្រេងរបស់កម្ពុជាចំនួន៤បន្ថែមទៀត ក្នុងប្លុកA ត្រូវបានដាក់ឱ្យដំណើរការបូមយកប្រេងឆៅកាលពីចុងខែកុម្ភៈកន្លងទៅនេះ ខណៈប្រេងឆៅរបស់កម្ពុជាត្រូវបានលក់ចេញក្រៅប្រទេស ដោយសារមិនទាន់មានរោងចក្រចម្រាញ់ខ្លួនឯង និងស្របពេលស្ថិតក្នុងដំណាក់កំពុងរាតត្បាតដោយកូវីដ១៩។

 

  អណ្តូងប្រេងក្នុងឈូងសមុទ្ររបស់កម្ពុជាទាំង៤នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាបានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

 

  ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត បានបញ្ជាក់ថា ការដំណើរការអណ្តូងប្រេងនៅតំបន់ប្លុកAចំនួន៤បន្ថែមទៀត លើអណ្តូងប្រេងដែលបានបូមកាលពីចុងឆ្នាំ២០២០នោះ(ទាំង៥អណ្តូង) នឹងធ្វើឱ្យកម្ពុជាអាចមានលទ្ធភាពបូមប្រេងសរុប៧.៥០០បារ៉ែល នៅក្នុងមួយថ្ងៃ។

 

កម្ពុជា បានចាប់ផ្តើមផលិតកម្មប្រេងដំបូងនៅតំបន់ប្លុក A នៃឈូងសមុទ្ររបស់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលអនុវត្តដោយក្រុមហ៊ុន Kris Energy បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យជាស្ថាពរនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារ និងបរិក្ខានៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា សម្រាប់ដំណើរការផលិតកម្មធនធានរ៉ែប្រេង។

 

អណ្ដូងប្រេងប្លុក A នេះ ត្រូវគេជឿជាក់ថា នឹងមានប្រេងប្រហែល៣០លានបារ៉ែល ដែលនឹងត្រូវទាញយកក្នុងរយៈពេល៩ឆ្នាំ ហើយរំពឹងថា នឹងរកប្រាក់ចំណូលបាន៥០០លានដុល្លារអាមេរិកពីសួយសារអាករ និងពន្ធលើរយៈពេលដំណើរការរបស់គម្រោង ដោយក្រុមហ៊ុន KrisEnergy គ្រប់គ្រងភាគហ៊ុន៩៥ភាគរយ ហើយ៥ភាគរយទៀតគ្រប់គ្រងដោយរាជរដ្ឋាភិបាល។

 

ទោះជាបែបនេះក្តី ប្រេងឆៅរបស់កម្ពុជាដែលផលិតបានបច្ចុប្បន្ន ត្រូវបានលក់ចេញក្រៅប្រទេស តាមរយៈការដាក់ដេញថ្លៃជាលក្ខណៈអន្តរជាតិក្នុងតម្លៃលក់មួយសមរម្យទៅឱ្យក្រុមហ៊ុនបរទេស ដោយសារកម្ពុជាមិនទាន់មានរោងចក្រចម្រាញ់ខ្លួនឯង។

 

  កាលពីប៉ុន្មានឆ្នាំមុន រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណទៅក្រុមហ៊ុនមួយ ដើម្បីសិក្សាវាយតម្លៃទៅលើការបង្កើតរោងចក្រចម្រាញ់ប្រេងកាត ដែលមានកម្លាំងផលិតបានប្រហែល៥លានតោន ក្នុងមួយឆ្នាំ៕IMG_20210315_181856_458IMG_20210315_181854_228

Comments

Related posts