ក្រសួងប្រៃសណីយ៍ប្ដេជ្ញារៀបចំប្រព័ន្ធអនុវត្តន៍ការងារបែបឌីជីថលទាំងស្រុងនៅក្នុងឆ្នាំ២០២២

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ១៥.០៣.២០២១

Mc ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្ដេជ្ញារៀបចំប្រព័ន្ធអនុវត្តន៍ការងារតាមបែបឌីជីថលឱ្យបានទាំងស្រុងនៅក្នុងឆ្នាំ២០២២ ដើម្បីដោះស្រាយក៏ដូចជាជំនួយក្នុងការងារប្រចាំថ្ងៃរបស់ក្រសួង ។

 

អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍....................

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ប្រែក្លាយជាក្រសួងឌីជីថលទាំងស្រុងនៅដើមឆ្នាំ២០២២ខាងមុខនោះ បច្ចុប្បន្ននេះក្រសួងបានរៀបចំអភិវឌ្ឍន៍គម្រោងចំនួន២១ ដែលគម្រោងខ្លះបាននិងកំពុងដាក់ឱ្យសាកល្បងប្រើប្រាស់ ហើយ បន្ទាប់មក នឹងបន្តអភិវឌ្ឍន៍គម្រោងផ្សេងៗទៀត ដើម្បីអាចប្រើប្រាស់ទាំងអស់ទៅតាមផែនការដែលបានគ្រោងទុក ។

 

ឯកឧត្តមបន្តថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលប្រព័ន្ធនេះបានរួមចំណែកក្នុងការដោះស្រាយការងាររបស់ក្រសួង ។

សំឡេង៖«ខ្ញុំមានមហិច្ឆតាធ្វើយ៉ាងណាឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្លាយទៅជាក្រសួងមួយនាំមុខគេក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល មានន័យថាក្នុងរយៈពេលឆ្នាំ២០២២ខាងមុខ យើងនឹងឈប់ប្រើប្រាស់ក្រដាស យើងនឹងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បីជំនួយក្នុងការងារប្រចាំថ្ងៃ ការចុះហត្ថលេខា ការសម្រេចចិត្តទាំងអស់គឺធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល » ។

 

ឯកឧត្តម បានបន្ថែមទៀតថា នៅពេលដែលក្រសួងប្រៃសណីយ៍ទទួលបានជោគជ័យលើផែនការនេះក្រសួងនឹងចាប់ផ្តើមជួយជំរុញដល់ក្រសួងដទៃទៀតដែលមានបំណងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដោយមានការរៀបចំនូវយន្តការគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់ ក្នុងការអនុវត្តន៍គម្រោងឌីជីថលនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីធានាថា គម្រោងដែលដាក់ឱ្យប្រើប្រាស់ទាំងអស់ គឺមាននិរន្តរភាព ៕

Comments

Related posts