ក្រសួងសុខាភិបាលនឹងបង្ហាញជាសាធារណៈ នូវអត្តសញ្ញាណបុគ្គលណា ដែលមានវិជ្ជមានកូវីដ-១៩ដែល លាក់បាំងព័ត៌មាន

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

MC៖ ក្រសួងសុខាភិបាលនឹងបង្ហាញជាសាធារណៈ នូវអត្តសញ្ញាណបុគ្គលណា ដែលមានវិជ្ជមានកូវីដ-១៩ ដែលលាក់បាំងព័ត៌មាន ដើម្បីការពារផលប្រយោជន៍សង្គម ជាតិ និងការពារកុំឱ្យមានការឆ្លងរីករាលដាលកាន់តែធំ។

    

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត” នាថ្ងៃទី ១៥ ខែមីនា នៅទីស្ដីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា កន្លងមកមានបុគ្គលមួយចំនួនមិនព្រមសហការជាមួយក្រសួងក្នុងការផ្ដល់ព័ត៌មានឱ្យបានពេញលេញ សម្រាប់ការងារស្រាវជ្រាវ ដែលនេះជាបញ្ហាមួយដ៏លំបាកក្នុងការស្វែងរកបុគ្គលផ្សេងទៀត ដែលធ្លាប់បានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកផ្ទុកកូវីដ១៩។ ហេតុដូចនេះ ក្រសួងគ្មានជម្រើសណាក្រៅពីបង្ហាញអត្តសញ្ញាណឡើយ។

 

 លោកជំទាវបញ្ជាក់ថា ការបង្ហាញអត្តសញ្ញាណនេះ នឹងធ្វើឡើងសម្រាប់តែបុគ្គលណាលាក់ព័ត៌មាន និងមិនសហការជាមួយក្រសួងសុខាភិបាលតែប៉ុណ្ណោះ។

សំឡេង៖ « បើមិនចង់ឱ្យក្រសួងបង្ហាញនូវអត្តសញ្ញាណសុំឱ្យបងប្អូនទាំងអស់មានការស្មោះត្រង់ នៅពេលក្រុមគ្រូពេទ្យសួរនាំបងប្អូន សូមបង្ហាញមកកុំលាក់ ព្រោះកន្លងមកមានបុគ្គលមួយចំនួនគាត់លាក់ គាត់មិនហ៊ាននិយាយ គាត់ទៅកន្លែងនេះ ទៅកន្លែងនោះ ជួបអ្នកនេះ ជួបអ្នកនោះ គាត់អត់ហ៊ានប្រាប់ទេ ហើយខ្ញុំក៏មិនដឹងពីមូលហេតុអ្វីទើបគាត់មិនហ៊ានប្រាប់ដែរ។ អ៊ីចឹងបើបងប្អូនមិនព្រមសហការ ផ្តល់នូវព័ត៌មានពេញលេញ ដូចនេះក្រសួងសុខាភិបាលគ្មាន ជម្រើសអ្វីក្រៅពីបង្ហាញអត្តសញ្ញាណបុគ្គលនោះ ព្រោះពេលនេះយើងត្រូវប្រកាន់យកនូវវិធានការណាមួយហើយ ដើម្បីថ្លឹងថ្លែងពីផលប្រយោជន៍របស់បុគ្គលឬផលប្រយោជន៍របស់សង្គមរបស់មនុស្សរាប់លាននាក់ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចនេះ ក្រសួងនឹងពិនិត្យទៅលើបញ្ហានេះ។ ក៏ប៉ុន្តែប្រសិនបើបងប្អូនមានការអនុវត្តបានត្រឹមត្រូវ ឈានរហូតដល់ យើងគ្រប់គ្រងបាន ហើយស្ថានភាពនេះចេះតែថយចុះទៅៗ អាចកាត់ផ្ដាច់បាននូវការចម្លងបន្តគ្នាទៀត អ៊ីចឹងការបង្ហាញអត្ដសញ្ញាណនេះគឺមិនមានភាពចាំបាច់នោះទេ »។

 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន១៣២៥នាក់ ក្នុងនោះ អ្នកដំណើរចូលមកកម្ពុជានិងអ្នកឆ្លងបន្តនៅក្នុងប្រទេសចំនួន៤២៤នាក់ ពលករធ្វើដំណើរមកពីប្រទេសថៃចំនួន៩១នាក់ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៨១០នាក់ ។អ្នកជាសះស្បើយចំនួន៧៣០នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន៥៩២នាក់ និងស្លាប់ម្នាក់ ៕IMG_20210315_131235_419-1

Comments

Related posts