ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ អាចបិទបញ្ចប់នាពេលឆាប់ៗខាងមុខបើមានការសហការពីប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

 

ភ្នំពេញ ៖ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នឹងថយចុះក្នុងរយៈពេល២សប្ដាហ៍ហើយនឹងឈានដល់ការបិទបញ្ចប់ បើសិនមានការចូលរួមអនុវត្តឱ្យបានហ្មត់ចត់ពីប្រជាពលរដ្ឋ ដោយត្រូវរួមសហការគ្នាអនុវត្តន៍វិធានការរបស់ក្រសួងសុខាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់ ។ 

 

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ប្រសិនបើប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាលបានខ្ជាប់ខ្ជួន ជាពិសេសបង្ហាញពីភាពស្មោះត្រង់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ គឺមន្ត្រីជំនាញក្រសួងសុខាភិបាល រំពឹងថា ស្ថានភាពករណីវិជ្ជមាននិងករណីឆ្លងបន្ត នឹងមានការថយចុះជាបណ្ដើរៗ ដែលធ្វើឱ្យកម្ពុជានឹងអាចឈានទៅដល់ការបិទបញ្ចប់នូវការចម្លងនៅក្នុងពេលឆាប់ៗ ។

 

លោកជំទាវបានបន្តថា ប្រសិនបើប្រជាពលរដ្ឋនៅតែចល័ត ហើយមិនអនុវត្តតាមការណែនាំរបស់ក្រសួងទេនោះ គឺនៅតែបន្តមានការចម្លងពីមួយទៅមួយ ដូច្នេះហើយ ប្រជាពលរដ្ឋត្រូវមានការរួមសាមគ្គីគ្នា កុំបន្ទោសគ្នានៅពេលដែលបច្ចុប្បន្នកម្ពុជាកំពុងមានសភាពការណ៍មិនល្អ អ្វីដែលសំខាន់ចំពោះមុខនៅពេលនេះ គឺការរួមគ្នា ការសាមគ្គីភាពគ្នា ធ្វើយ៉ាងណាអនុវត្តនូវវិធានការដែលបានដាក់ចេញឱ្យបានហ្មត់ចត់ជាទីបំផុត ហើយជាពិសេស គឺការកាត់ផ្ដាច់ឱ្យបាននូវការធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ។

 

លោកជំទាវមានប្រសាសន៍បន្ថែមថា ក្នុងរយៈពេល២

សប្តាហ៍នេះ រាប់ពីឥឡវនេះទៅប្រសិនបើបងប្អូនអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ទី១ នៅផ្ទះ ទី២ កុំចល័តបើមិនចាំបាច់ ទី៣ ត្រូវអនុវត្តន៍វិធានការ៣ការពារ និង៣កុំ ឱ្យបានហ្មត់ចត់ជាទីបំផុត ទី៤ អ្នកដែលតម្រូវឱ្យធ្វើចត្តាឡីស័កគឺត្រូវមានភាពស្មោះត្រង់ ។

 

លោកជំទាវ បានបន្ថែមទៀតថា បើបុគ្គលដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មិនមានភាពស្មោះត្រង់នោះ គឺនឹងបង្កឱ្យមានហានិភ័យដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ។

ជាមួយគ្នានេះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រសួងសុខាភិបាល អាចនឹងបង្ហាញនូវអត្តសញ្ញាណរបស់បុគ្គលនោះ ប្រសិនបើអ្នកនោះមិនបានការសហការនិងបង្ហាញពីភាពស្មោះត្រង់ ៕IMG_20210315_131235_419

Comments

Related posts