កសិករនៅខេត្តសៀមរាបអាចរកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំពីមុខរបរចិញ្ចឹមកន្ធាយ

 

 

វិទ្យុជាតិកម្ពុជា៖ លោកអេង យូ 

 

សៀមរាប៖ កសិករនៅខេត្តសៀមរាប អាចរកចំណូលបានជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំពីមុខរបរចិញ្ចឹមកន្ធាយ ខណៈដែលសត្វប្រភេទនេះមានតម្រូវការខ្ពស់ទាំងក្នុងទីផ្សារ និងភោជនីយដ្ឋាននានា ។

 

លោកម៉ៃ សំអូន រស់នៅភូមិប្រាសាទ ឃុំសំរ៉ោងយា ស្រុកពួក ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរចិញ្ចឹមសត្វកន្ធាយរយៈពេលប្រមាណ៣ឆ្នាំមកហើយ ដោយសារមុខរបរនេះអាចរកប្រាក់ចំណូលច្រើនគួរសម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយលក់បានក្នុងតម្លៃមួយគីឡូក្រាមជាមធ្យម១២ដុល្លារ ដូច្នេះក្នុងមួយឆ្នាំលោកអាចរកប្រាក់ចំណូលបានជិត១ម៉ឺនដុល្លារពីមុខរបរនេះ។

 

លោកបន្តថា កន្ធាយជាសត្វមួយប្រភេទដែលត្រូវចំណាយពេលយូរ ក្នុងការចិញ្ចឹមថែទាំទើបអាចទទួលបានផលមកវិញ ហើយការថែទាំទៀតសោត កសិករត្រូវដឹងពីកត្តាសំខាន់ៗមួយចំនួនដូចជា ទីធ្លាធំទូលាយ ស្ងប់ស្ងាត់ងាយស្រួលសម្រាប់កន្ធាយរស់នៅ បរិស្ថាននៅជុំវិញស្អាតជាប្រចាំ ជាពិសេសគឺបញ្ហាទឹកនិងការឱ្យចំណីតែម្តង។

 

លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ទោះបីស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ តែការលក់ចេញសត្វកន្ធាយទៅកាន់ទីផ្សារ ហាក់មិនសូវជួបបញ្ហាប្រឈមប៉ុន្មានឡើយ ព្រោះការលក់ចេញសម្រាប់អតិថិជន និងតាមអាហារដ្ឋានក្នុងស្រុកប៉ុណ្ណោះ។

 

លោកបានឱ្យដឹងបន្ថែមទៀតថា បើយើងមើលទៅឃើញអ្នកចិញ្ចឹមមុន គេផ្លាស់ប្តូរជីវភាព

របស់គេ ដំបូងខ្ញុំចិញ្ចឹម១៧០០០ក្បាល បច្ចុប្បន្នមានប្រហែល៨០០០ក្បាល ចំណេញប្រហែលពី១៥ទៅ២០ភាគរយអី ។ ចំណូល

សរុបឆ្នាំទី១ ដែលយើងចិញ្ចឹម

មិនសូវច្រើនទេ ចំណេញបានប្រហែលពី៣ទៅ៤ពាន់ដុល្លារទេ ឆ្នាំទី២ខ្ញុំដាក់ច្រើនគ្រាន់ប្រហែល៤ពាន់ក្បាល វាបានជិត១ម៉ឺនដុល្លារ ជាមធ្យមលក់បាន ១២ដុល្លារ ក្នុង១គីឡូ ។ ការចិញ្ចឹម បើយើងថែទាំឱ្យត្រូវតាមបែបជីវសាស្ត្រវា មួយឆ្នាំបាន១គីឡូឬ១គីឡូ២ខាំ បើមិនសូវប៉ិនស៊ីចំណីអីអាចបាន៨ទៅ៩ខាំអីដែរ ។

 

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក វារីវប្បកម្មថា បានដើតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកផ្តល់នូវការទទួលបានស្បៀង លទ្ធភាពមានស្បៀង និងការប្រើប្រាស់ស្បៀងដើម្បីបង្កើននូវអាហារូបត្ថម្ភ បង្កើនឱកាសការងារ និងប្រាក់ចំណូល ក្នុងចំណោមសមាជិកសហគមន៍នេសាទ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល៕IMG_20210315_184654_910IMG_20210315_184649_075IMG_20210315_184645_316IMG_20210315_184638_308

Comments

Related posts