បរាជ័យ ឬជោគជ័យ គឺអាស្រ័យលើប្រជាពលរដ្ឋប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ 

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌី

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលអះអាងថា ដើម្បីបញ្ឈប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ គឺ អាស្រ័យលើប្រជាពលរដ្ឋរួមគ្នាប្រយុទ្ធនឹងសត្រូវកូវីដ-១៩បម្លែងថ្មីនាពេលនេះ ដែលកំពុងតែចរាចរយ៉ាងសកម្ម ដែលអាចធ្វើឱ្យបុគ្គលស្លាប់បានគ្រប់ពេលវេលា។  

 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ស្ថានភាពឆ្លងបច្ចុប្បន្ននេះ វីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លានៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថាវានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់។ លោកជំទាវវេជ្ជបណ្ឌិតបន្តថា ក្នុងពេលនេះ គឺនៅផ្ទះ កុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ កុំមានជួបជុំគ្នា គឺជារឿងចាំបាច់បំផុតដែលយើងត្រូវរួមគ្នាអនុវត្តន៍ ដើម្បីកាត់ផ្តាច់បាននូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិបរមា។

 

លោកជំទាវបញ្ជាក់ថា ការកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលុម្នាក់ គឺជាការចាំបាច់នៅក្នុងដំណាក់កាលនេះ។ ដោយទី១ត្រូវនៅផ្ទះ បើមិនចាំបាច់ទេ ហើយមិនមានភារកិច្ចដែលត្រូវធ្វើទេកុំចល័តអី អ្នកភ្នំពេញនៅភ្នំពេញសិនទៅកុំធ្វើដំណើរទៅខេត្ត ហើយចំពោះអ្នកខេត្តវិញសុំមេត្តាកុំធ្វើដំណើរមករាជធានីភ្នំពេញ ពីព្រោះកាលណាយើងចល័ត គឺយើងដាក់ខ្លួនយើងឱ្យចូលទៅក្នុងហានិភ័យខ្ពស់នៃការប៉ះពាល់ជាមួយវីរុសកូវីដ-១៩ហើយ ដោយសារវីរុសកូវីដ-១៩បម្លែងថ្មីនេះ កំពុងតែចរាចរយ៉ាងសកម្មជាទីបំផុតនៅក្នុងប្រទេសយើងហើយ ។  

លោកជំទាវវេជ្ជបណ្ឌិត នៅតែបន្តអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួម គ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ឈប់ការចម្លងបន្តគ្នាទៀត ព្រោះពេលនេះជាដំណាក់លំបាកដែលបុគ្គលគ្រប់រូប មានកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញពិសេសត្រូវរួមសាមគ្គីគ្នាប្រយុទ្ធនឹងសត្រូវអត់ស្រមោលនិងមិនដឹងថានៅទីណានោះ ទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការលំបាកនាពេលនេះទាំងអស់៕

Comments

Related posts