វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
ភ្នំពេញ៖ លោក សុខ វិបុល សមាជិកមេធាវី នៃក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុន អនភ័ញ ឯ.ក នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បាននាំយក អំណោយជាជែលសម្លាប់មេរោគ ចំនួន៩៩ កេសជូនឯកឧត្តម ខៀវកាញារីទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។ លោក សុខ វិបុល បានមានប្រសាសន៍ថា ការផ្តល់ អំណោយទាំងនេះ ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយត្រូវធ្វើយ៉ាងណាយើងទាំងអស់ចូលរួមអនុវត្តន៍វិធានការ ការពាររបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលបានដាក់ចេញ គឺវិធានការ «៣ ការពារ និង ៣ កុំ»។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណ លោកសុខ វិបុលដែលបានជួយឧបត្ថមជែលសម្លាប់មេរោគចំនួន ៩៩ កេស ដើម្បីចូលរួមបំបាត់ហានិភ័យដោយ សារការគំរាមគំហែង ពីជំងឺកូវីដ-១៩ ដ៏កាចសាហាវ ។ ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ឋ ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន និងក្រុមហ៊ុនឯកជនទាំងអស់ដែល បានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ ។
ឯកឧត្តមបញ្ជាក់ថាជែលទាំងនេះ នឹងយកទៅប្រើប្រាស់ប្រចាំថ្ងៃក្នុងការ ការពារជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩បំប្លែងថ្មី កំពុងវិវត្ដចូលក្នុងសហគមន៍ច្រើនៗឡើង ដែលធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភជាខ្លាំង ទៅលើជំងឺដ៏កាចសាហាវនេះ ៕
Comments