កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ដើម្បីរកដំណោះស្រាយបញ្ហាជំងឺកូវីដ-១៩

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី 

ភ្នំពេញ ៖ កម្ពុជានឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ី ហៅកាត់ ACC ដើម្បីរកដំណោះ ស្រាយអំពីវិបត្តិនានា ដែលកើតចេញពីការរាតត្បាជាសកលនៃជំងឺកូវីដ-១៩។
  កិច្ចប្រជុំដែលនឹងត្រូវរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ(Video Conference) ដឹកនាំដោយលោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សា ACC នៅថ្ងៃទី១៩ ខែមីនាខាងមុខនេះ ស្ថិតក្រោមប្រធានបទស្តីពី«ការលើកកម្ពស់វប្បធម៌ និងនវានុវត្តន៍សម្រាប់វិបុលភាពរួមក្នុងអំឡុង ពេល និងក្រោយកូវីដ-១៩»។
  សេចក្តីប្រកាសព័ត៌មានរបស់ ACC បានបញ្ជាក់ថា ព្រឹត្តិការណដ៏មានសារសំខាន់លើផ្នែកវប្បធម៌នេះ មានគោលបំណង ប្រមូលផ្តុំនូវអ្នកជំនាញផ្នែកវប្បធម៌ ថ្នាក់ដឹកនាំគំនិត និងអ្នកធ្វើគោលនយោបាយនៅក្នុងតំបន់ ដើម្បីចែករំលែកទស្សនវិស័យ និងស្វែងរកដំណោះស្រាយជាក់ស្តែងលើប្រធានបទសំខាន់ៗចំនួន២ ដែលទី១នោះ គឺការវិនិយោគលើវប្បធម៌ និងភាពច្នៃប្រឌិត ដើម្បីកំណើនប្រកបដោយបរិយាបន្ន និងទី២ គឺការលើកកម្ពស់ភាពប្រទាក់ក្រឡាគ្នារវាងវប្បធម៌ និងនវានុវត្តន៍។ ក្រោមកិច្ចប្រជុំនេះ នឹងមានសេចក្តីថ្លែងការណ៍ក្រុងភ្នំពេញមួយស្តីពី«កិច្ចសហការវប្បធម៌ និងនវានុវត្តន៍ ដើម្បីវិបុលភាពរួមក្នុងអំឡុងពេល និងក្រោយកូវីដ-១៩»។
ACC ត្រូវបានបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ប្រទេសកម្ពុជា ចិន  នេប៉ាល់ និងរុស្ស៊ី  ក្រោមភាពជាដៃគូនៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី ហៅកាត់ថា ICAPP ដែលមានសមាជិកចំនួន៣៥២គណបក្ស រួមទាំងគណបក្សកំពុងកាន់អំណាច និងគណបក្សប្រឆាំងមកពី៥២ប្រទេស នៅទ្វីបអាស៊ី ក្នុងគោលបំណងចូលរួមលើកកម្ពស់ការតភ្ជាប់វប្បធម៌ និងសង្គមរវាងទ្វីបអឺរ៉ុប និងអាស៊ី ដើម្បីជាប្រយោជន៍ដល់ការរក្សាសន្តិភាព ការអភិវឌ្ឍ ការគ្រប់គ្រងបម្រែបម្រួលអាកាសធាតុ ជំនួយមនុស្សធម៌ ការជួយសង្គ្រោះប្រជាជនក្នុងគ្រោះមហន្តរាយ  ជំងឺរាតត្បាតនានា និងការតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាដើម៕

Comments

Related posts