សម្តេចតេជោសម្រេចតែងតាំង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធានគណៈកម្មការទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

 

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចតែងតាំងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកដឹកនាំការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ខណៈវ៉ាក់សាំងមួយចំនួនទៀតនឹងមកដល់កម្ពុជានៅពេលខាងមុខនេះ។

 

  តាមរយៈសំឡេងមួយនៅយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កន្លងទៅការងារវ៉ាក់សាំងលើដំណើរការលទ្ធកម្ម និងការស្វះស្វែងរកវ៉ាក់សំាង គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម រួមជាមួយដំណើរការ ចាក់វ៉ាក់សាំងក្នុងជំហានដំបូងនេះ ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ពនិងផ្នែកស៊ីវិល ។ តែទោះជាយ៉ាងនេះក្តី សម្តេចតេជោបន្តថា ដើម្បីឱ្យការងារនេះ ឈានទៅ

មុខបានយ៉ាងល្អប្រសើរ ត្រូវមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ។ហេតុដូចនេះ សម្តេច សម្រេចតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំងនៅក្នុងក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីដឹកនាំការងារចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿន។ 

ក្នុងនោះ សម្តេចតេជោក៏បានផ្តល់សិទ្ធិឱ្យលោកជំទាវ ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះ ដើម្បីឱ្យការចាក់

វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេស និងបង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ។

 

សំឡេង៖« ធ្វើយ៉ាងដូច្នេះខ្ញុំគិតថា ដំណើរការវ៉ាក់សាំងនឹងរៀបរយបានល្អ ជាមួយនឹងផែនការមេជាក់លាក់ ដើម្បីយើងអាចនឹងដំណើរការទៅបាន ដូច្នេះខ្ញុំសូមឱ្យឯកឧត្តម ម៉ម ប៊ុនហេង ពិភាក្សាជាមួយលោកជំទាវ 

ឱ វណ្ណឌីន ដើម្បីរៀបចំសេចក្តីសម្រេច បង្កើតនូវគណៈកម្មការនេះ ដែលមានលោកជំទាវ

ឱ វណ្ណឌីន ធ្វើជាប្រធាន។ ហើយក្នុងនោះលោកជំទាវ ឱ វណ្ណឌីនត្រូវជ្រើសរើសមនុស្សនៅតាមស្ថាប័នណាខ្លះ ? ក្នុងក្រសួងសុខាភិបាលមាននរណាខ្លះ ? ដើម្បីធ្វើកិច្ចការងារនេះ នេះជាកិច្ចការបឋម ដើម្បីរៀបចំ។ បើមិនដូច្នោះទេ ដំណើរការចាក់វ៉ាក់សាំងរបស់យើងនឹងមានភាពយឺតយ៉ាវ ។ ហើយក្នុងករណីបើមានការពាក់ព័ន្ធជាមួយនឹងខេត្ត-រាជធានី យើងអាចមានអនុគណៈកម្មការចំពោះកិច្ច នៅតាមខេត្ត-រាជធានី តាមការចង្អុលបង្ហាញរបស់លោកជំទាវ

ឱ វណ្ណឌីន ក្នុងករណីចាំបាច់ដើម្បីឱ្យតាមខេត្តនីមួយៗ ស្ថាប័ននីមួយៗមានការទទួលខុសត្រូវ ព្រោះយើងមានគណៈកម្មការចំពោះកិច្ចលើដំណើរការចាក់វ៉ាក់សាំង ដោយក្នុងនោះយើងបែងចែងជា២ប្រភេទ គឺដំណើរការលទ្ធកម្ម និងមួយទៀតគឺដំណើរការចាក់វ៉ាក់សាំង ហើយដំណើរការចាក់វ៉ាក់សាំងរបស់ជាតិគឺមានលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន»។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្នុងពេលខាងមុខនេះ កម្ពុជាអាចមានលទ្ធភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ ប្រមាណ ១.៥លានដូសទៀត។ ដូច្នេះសម្តេចតេជោ បានណែនាំឱ្យកំណត់មុខសញ្ញាត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចជាគ្រូបង្រៀន ដែលត្រូវចាក់ដំបូងសម្រាប់គ្រូនៅភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង និងព្រៃវែង។ មិនតែប៉ុណ្ណោះត្រូវរៀបចំផែនការចាក់សម្រាប់អ្នកលក់ដូរនៅតាមផ្សារ ក៏ដូចជាមុខសញ្ញាសំខាន់ៗដទៃទៀត ជាពិសេសក្នុងក្របខណ្ឌក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមានកម្មករ កម្មការិនីផងដែរ៕

Comments

Related posts