វិទ្យុជាតិកម្ពុជា៖ លោក ហ៊ាងចាន់ថា
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ត នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន២៥.០០០ ម៉ាស់ ជាអំណោយរបស់ ក្រុមហ៊ុន ខ្មែរភូលវែលហ៊្វែឡូធើរី ខូអិលធីឌី និងថវិកាចំនួន ២ លានរៀល ពីក្រុមហ៊ុន ដីឡូត៍បឹងស្នាយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ឯកឧត្តមបានថ្លែងអំណរគុណចំពោះលោក-លោកស្រី ជាតំណាងក្រុមហ៊ុន ដែលបានឧបត្ថម្ភជាថវិកា និងសម្ភារ ដើម្បីចូលរួមក្នុងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ-១៩ ក្នុងខេត្តកំពង់ចាម ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ ជាពិសេសផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងអ្នកចំណូលស្រុកដែលកំពុងស្នាក់នៅធ្វើចត្តាឡីស័កតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាមផងដែរ ។
សូមបញ្ជាក់ថា ខេត្តកំពង់ចាមបានរៀបចំមណ្ឌលសម្រាប់អ្នកធ្វើចត្តាឡីស័កដូចជា៖ ក្រុងកំពង់ចាម២កន្លែង អាចទទួលអ្នកធ្វើចត្តាឡីស័កបាន១.០០០នាក់ , ស្រុកចំការលើ បានត្រៀម ៣កន្លែង ដែលអាចទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ២៥០នាក់, ស្រុកព្រៃឈរ បានត្រៀម ០១កន្លែងទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់, ស្រុកជើងព្រៃបានត្រៀម ០១កន្លែង ទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៨០នាក់,នៅស្រុកបាធាយមាន០១ទីតាំងអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៦០នាក់,ស្រុកកំពង់សៀម បានត្រៀម ០១កន្លែង ទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៥០នាក់,ស្រុកកងមាស បានត្រៀម ០២កន្លែង ទទួលអ្នកធ្វើចត្តាឡីស័ក ប្រមាណ ៧០នាក់,ស្រុកស្រីសន្ធរ បានត្រៀម ០១កន្លែង ទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ២០នាក់,ស្រុកកោះសូទិន បានត្រៀម ០២កន្លែងទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ ៣០នាក់និងស្រុកស្ទឹងត្រង់ បានត្រៀម ០១កន្លែងអាចទទួលអ្នកធ្វើចត្តាឡីស័កប្រមាណ២០នាក់ ៕
Comments