កសិករស្រុកស្រីស្នំរីករាយចំពោះដំណាំស្វាយចន្ទីដែលមានតម្លៃខ្ពស់ជាងឆ្នាំមុន

 

 

វិទ្យុជាតិកម្ពុជា លោកអេង យូ

 

សៀមរាប៖ កសិករស្រុកស្រីស្នំខេត្តសៀមរាបកំពុងមមាញឹកនឹងការប្រមូលផលស្វាយចន្ទីលក់ទៅកាន់ទីផ្សារ ខណៈដែលដំណាំស្វាយចន្ទីឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។

 

លោក ជៀម ចក ជាកសិករដាំស្វាយចន្ទីរស់នៅក្នុងឃុំស្លែងស្ពាន ស្រុកស្រីស្នំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកដាំស្វាយចន្ទីរយៈពេលប្រមាណជាង៤ឆ្នាំមកហើយ លើផ្ទៃដីជាង៥ហិកតា ហើយឆ្នាំ២០២១នេះ ទោះបីមានភ្លៀងធ្លាក់ដើមឆ្នាំធ្វើឱ្យមានបញ្ហាដល់ក្តឹបស្វាយចន្ទីក្តី ប៉ុន្តែទិន្នផលទទួលបានមានការកើនឡើង និងតម្លៃលក់ចេញក៏បានខ្ពស់គួរសមមានភាពច្បាស់លាស់ធ្វើឱ្យកសិករសប្បាយរីករាយ។

 

លោកបន្តថា ឆ្នាំមុនលោកអាចរកប្រាក់ចំណេញបានប្រមាណ១៥លានរៀលពីមុខរបរនេះ ហើយនៅឆ្នាំនេះអាចនឹងទទួលបានច្រើនជាងមុន ពីព្រោះតម្លៃលក់គ្រាប់ស្វាយចន្ទីមិនធ្លាក់ចុះ ហើយទិន្នផលក៏ទទួលបានច្រើនជាងឆ្នាំមុនដែរ។

 

លោកបានឱ្យដឹងទៀតថា ស្វាយចន្ទីជាដំណាំមួយប្រភេទ ដែលដាំរួចត្រូវចំណាយពេលវេលា ចាប់ពី២ឆ្នាំឡើងទៅ ទើបទទួលបានផល ប៉ុន្តែទទួលផលយូរអង្វែង។ ដើម្បីឱ្យទទួលបានផលច្រើនកសិករត្រូវសំអាតស្មៅនៅតាមរង និងគល់ស្វាយចន្ទីជាប្រចាំ និងការបំប៉ន ដាក់ជី តាមកម្រិតនៃអាយុកាលរបស់ស្វាយចន្ទី និងត្រូវដាក់នៅជុំវិញដើម ហើយពេលវេលានៃការដាក់ជីត្រូវធ្វើឡើងក្នុងមួយឆ្នាំ ៣ដង គឺនៅដើមរដូវ ចុងរដូវ និងពេលកាន់ផ្លែ។ 

សំឡេង៖ “កាលខ្ញុំលក់ដើមខែបាន១គីឡូ៥៥០០រៀល បើប្រៀបធៀបឆ្នាំមុននិងឆ្នាំនេះ ខ្ញុំថាឆ្នាំនេះតម្លៃនៅថេរជាង ពីព្រោះឆ្នាំមុនស្វាយចន្ទីវាខូច ផ្លែទៅឡើងខ្មៅ ឈ្មួញដែលទិញគាត់ថាអត់ល្អ គាត់រើសយកតែពណ៌សទេ ដល់ឆ្នាំនេះយើងលក់បានថ្លៃជាង ស្វាយល្អជាងឆ្នាំទៅ ឆ្នាំទៅលក់បាន១៥លាន តែឆ្នាំនេះខ្ញុំថាបានច្រើនជាងព្រោះតម្លៃនៅថេរ និងទិន្នផលក៏បានច្រើន ដែរ”។

 

គួរជម្រាបផងដែរថា ស្វាយចន្ទីត្រូវបានកសិករដាំដើម្បីយកគ្រាប់លក់ ជាដំណាំដែលស្រួលដាំដុះ និងមិនរើសទីតាំង។ តែយ៉ាងណាកសិករគួរស្វែងយល់ពីបច្ចេកទេសដាំដុះ និងការថែទាំ ឱ្យបានច្បាស់លាស់ដើម្បីបង្កើនទិន្នផល។

 

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីសរុបចំនួន ២៥៨ ៩៨៤ ហិកតា៕IMG_20210317_121421_471IMG_20210317_121417_779IMG_20210317_121414_781IMG_20210317_121410_246

Comments

Related posts