វិទ្យុជាតិកម្ពុជា , វាង ភក្តី ១៧ ០៣ ២០២១
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លើកឡើងថា សង្គមស៊ីវិលមួយក្តាប់តូច កំពុងព្យាយាមការពារសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យរបស់ខ្លួន ក្នុងចេតនាទុច្ចរិតបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិនិងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលក្នុងការការពារវិស័យបរិស្ថាន និងធនធានធម្មជាតិ។
ការឆ្លើយតបត្រឡប់ទៅវិញរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាននេះ បន្ទាប់ពីមានសមាគម និងអង្គការក្នុងស្រុកមួយក្តាប់តូច រួមនឹងក្រុមចលនាខុសច្បាប់មួយចំនួននៅក្រៅប្រទេសថា បានចេញសេចក្តីថ្លែងការណ៍មួយក្នុងចេតនាទុច្ចរិត ដើម្បីបង្កើតការញុះញង់ថា រាជរដ្ឋាភិបាលកម្ពុជា បិទសិទ្ធិសេរីភាព និងប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ សហគមន៍ក្នុងការចូលរួមការពារព្រៃឈើ ខណៈកំពុងរងការកាប់បំផ្លាញ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមរួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយក្តាប់តូច មិនបានខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងតែប្រឈមមុខនឹងវិបត្តិនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩នោះឡើយ ប៉ុន្តែពួកគេបន្តផែនការចាស់របស់ពួកគេ ហើយពួកគេបានខិតខំការពារសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលពួកគេចង់បាន។
គួរកត់សម្គាល់ថា ក្នុងរយៈពេលជិតមួយខែមកនេះ ក្រុមអង្គការជាតិ និងអន្តរជាតិ បានចេញរបាយការណ៍ និងសេចក្តីថ្លែងការណ៍ និងបាននិងកំពុងធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីទាមទារឱ្យបណ្តាញសហគមន៍ព្រៃឡង់ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចូលរួមធ្វើសកម្មភាពនៅក្នុងតំបន់ការពារធម្មជាតិដោយសេរី ដោយមិនចាំបាច់មានការអនុញ្ញាតពីក្រសួងស្ថាប័នជំនាញ។
ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលមួយចំនួនតូចដែលមានជំងឺតួឯកផ្នែកសិទ្ធិមនុស្ស និងជំងឺតួឯកខាងធនធានធម្មជាតិ ដោយព្យាយាមបំពានច្បាប់ និងបានលើកទឹកចិត្តក្រុមអ្នករំលោភច្បាប់ ខណៈក្រុមទាំងនោះធ្វើសកម្មភាពដោយមិនបានចុះបញ្ជី និងព្យាយាមមិនសហការស្របតាមនីតិវិធីច្បាប់ជាមួយស្ថាប័នជំនាញរបស់រាជរដ្ឋាភិបាល។
ក្រសួងបរិស្ថានរីករាយ និងស្វាគមន៍ជានិច្ចនូវរាល់ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានា នៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូទាំងឡាយណា ដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ។
ឯកឧត្តមសង្កត់ធ្ងន់ថា នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន ខណៈកម្ពុជាគោរព សិទ្ធិមនុស្ស សេរីភាព និងប្រជាធិបតេយ្យពេញលេញ ស្ថិតក្រោមដំបូលច្បាប់តែមួយ។ ឯកឧត្តមបន្តថា ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារ និងគាំទ្រចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ និងមានរបៀបវារៈច្បាស់លាស់ ក្នុងការជួយលើវិស័យបរិស្ថាន និងធនធានធម្មជាតិពិតប្រាកដ៕
Comments