អាជ្ញាធរខេត្តកំពង់ធំចុះណែនាំក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងពលករដែលមកពីក្រៅប្រទេសកុំគេចវេះពីការធ្វើចត្តាឡីស័ក

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល 

 

MC៖ អាជ្ញាធរខេត្តកំពង់ធំ បានចុះណែនាំនិងក្រើនរំលឹកដល់ប្រជាពលរដ្ឋ និងពលករដែលមកពីក្រៅប្រទេសទាំងអស់ កុំគេចវេះពីការធ្វើចត្តាឡីស័ក ដែលនេះគឺជាវិធានការពារយ៉ាងល្អបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩ដ៏កាចសាហាវមួយនេះ។ 

 

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានមានប្រសាសន៍ថា អាជ្ញាធររួមទាំងមន្រី្តពាក់ព័ន្ធទាំងអស់ បានចុះណែនាំ ក៍ដូចជាក្រើនរំលឹកដល់ប្រជាពលរដ្ឋនិងពលករ ដែលត្រូវធ្វើចត្តាឡីស័ក សូមមេត្តាកុំមានការគេចវះជាដាច់ខាត ដោយត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែក រយ:ពេល ១៤ថ្ងៃដើម្បីតាមដានសុខភាពរបស់ខ្លួន ព្រមទាំងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ដើម្បីចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត ១៩ ។ 

 

លោកបានបន្តថា ចំពោះការចូលរួមសហការពីប្រជាពលរដ្ឋ និងពលករ ក្នុងការអនុវត្តតាមវិធានការអនាម័យ របស់ក្រសួងសុខាភិបាល នឹងធ្វើឱ្យកម្ពុជា ក៏ដូចជាខេត្តកំពង់ធំទាំងមូល អាចទប់ស្កាត់បាននូវការឆ្លងរីករាលដាល ចូលក្នុងសហគមន៍។ លោកបានបញ្ជាក់ទៀតថា អាជ្ញាធរក៏បានអប់រំ ប្រជាពលរដ្ឋនិងពលករពីវិធានអនាម័យ ទាំងការរស់នៅដាច់ដោយឡែក ការបរិភោគអាហារ ការប្រើប្រាស់សម្ភារផ្សេងៗ និងជាពិសេសការប្រាស័្រយទាក់ទងគ្នាជាមួយនឹងសមាជិកគ្រួសារ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពខ្ពស់។

សំឡេង៖ ជាទូទៅយើងឃើញថា បងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះនេះ គឺគាត់បានគោរពតាមគោលការណ៍ណែនាំ ហើយក្នុងនោះអ្វីដែលសំខាន់ គឺអាជ្ញាធររបស់យើង បានរៀបចំជាស្លាកឈ្មោះមានន័យថា យើងមានស្លាកឈ្មោះបញ្ជាក់ថាឈ្មោះរបស់គាត់ ថាប្រវត្តិរបស់គាត់មកពីតំបន់ណា ហើយមានកំណត់ថាគាត់ត្រូវធ្វើចត្តាឡីស័កពីថ្ងៃទីប៉ុន្មាន ដល់ថ្ងៃទីប៉ុន្មាន ដើម្បីឱ្យចប់។ ហើយក្នុងនោះយើងក៏បានបិទស្លាកនៅតាមរបងនិងផ្ទះរបស់គាត់ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋដទៃទៀតថា ផ្ទះរបស់គាត់នេះគឺកំពុងតែធ្វើចត្តាឡីស័ក ដើម្បីជម្រាបជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋយើង នៅតាមមូលដ្ឋានឱ្យមានការប្រុងប្រយ័ត្ន ពាក់ព័ន្ធនឹងការការពារជំងឺកូវីដ១៩នេះ ហើយអ្វីដែលសំខាន់ គឺត្រូវអនុវត្តឱ្យបានតាមប្រសាសន៍ដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ដែលនេះគឺជាវិធានការដ៏សំខាន់ក្នុងការទប់ស្កាត់ការចម្លងនៃជម្ងឺដ៏កាចសាហាវនេះ។

 

លោកបានបន្ដថា នៅក្នុងដំណាក់កាលនេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវតាមដានពីសុខភាពរបស់ខ្លួន និងធ្វើអនាម័យជាប់ជាប្រចាំ ប្រសិនបើក្នុងករណីមានបញ្ហាសុខភាព ដូចជាឡើងកំដៅខ្លាំង ឈឺ ក ឈឺក្បាលខ្លាំង សូមប្រញាប់រាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន៕

Comments

Related posts