រដ្ឋសភាសម្តែងការខកចិត្តចំពោះសភាអឺរ៉ុបដែលគាំទ្រជនល្មើសប្រឆាំងនឹងច្បាប់កម្ពុជា

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៧ ០៣ ២០២១

 

រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែមីនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងនូវការខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចចិត្តរបស់សភាអឺរ៉ុប ដែលគាំទ្រក្រុមជនល្មើសប្រឆាំងនឹងច្បាប់កម្ពុជា។

 

ការសម្តែងការខកចិត្តនេះ ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ បានបោះឆ្នោតអនុម័តសេចក្តីសម្រេចចំនួន២៥ ដើម្បីថ្កោលទោសអំពើរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះដុនដាបនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយពីតុលាការនៅកម្ពុជាបានកាត់ទោសអតីតមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៩រូប ក្នុងនោះរួមទាំងលោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគាររហូតដល់២៥ឆ្នាំ ពីបទ «ឧបឃាត» ឬ «ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល»។

 

សេចក្តីថ្លែងការណ៍របស់រដ្ឋសភា ដែលត្រូវបានធ្វើឡើងទាំងភាសាខ្មែរ និងភាសាអង់គ្លេស បានបញ្ជាក់ទៅកាន់សភាអឺរ៉ុបថា ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ គឺកម្ពុជាមានសិទ្ធិអនុវត្តនូវគោលនយោបាយស្វ័យសម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេស។

 

 សភាកម្ពុជាមិនអាចអត់ឱនបានឡើយចំពោះរាល់ចេតនា និងសកម្មភាពទាំងឡាយណាដែលមានបំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថិរភាពដែលខិតខំរកបានដោយលំបាករបស់កម្ពុជា។

 

រដ្ឋសភាកម្ពុជា បានបន្តថា ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង “ផែនការក្បត់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩” គឺធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស ដែលសម្រាប់ពង្រឹងនីតិរដ្ឋ។ រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរិហារកេរ្តិ៍ញុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជាការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈរដើម្បីផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត។

 

បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងសោកនាដកម្មកាលពីអតីតកាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និងការដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ មានប្រទេសជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អឺរ៉ុបផងដែរបានជួយពាំនាំសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់កម្ពុជា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀត ជាជាងវិលត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល។

 

រដ្ឋសភាកម្ពុជា អះអាងថា ប្រជាធិបតេយ្យរូបនីយ៍កម្មនៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ ហើយមិនអាចវិលត្រឡប់ថយក្រោយបានឡើយ ដូចដែលបានឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពប្រជាធិបតេយ្យដែលកំពុងវិវត្តទៅមុខជានិច្ច ហើយបានគ្របដណ្តប់លើគ្រប់គណបក្សនយោបាយទាំងអស់ ដែលមាននិន្នាការ និងគោលដៅផ្សេងៗគ្នា សង្គមស៊ីវិលរីកចម្រើនមួយ សហជីពពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។

 

រដ្ឋសភាកម្ពុជា ជំរុញឱ្យសភាអឺរ៉ុប ផ្តល់ការវាយតម្លៃប្រកបដោយសត្យានុម័តចំពោះការវិវត្តន៍នយោបាយនៅកម្ពុជា និងបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើគោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក៕

Comments

Related posts