ក្នុងខែកុម្ភៈមូលនិធិគន្ធបុប្ជាកម្ពុជា ទទួលបានការបរិច្ចាគពីសប្បុរសជនជាង២៦ម៉ឺនដុល្លារ

 

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

 

MC៖ក្នុងខែកុម្ភៈមូលនិធិគន្ធបុប្ជាកម្ពុជា ទទួលបានការបរិច្ចាគពីសប្បុរសជនជាង២៦ម៉ឺនដុល្លារ ដើម្បី ធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។

 

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ជាកម្ពុជា ដែលវិទ្យុជាតិកម្ពុជា ទទួលបានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានការបរិច្ចាគសរុបចំនួន ៣០៤ ៣១៨ ១០០ រៀល និង ១៨៩ ០១៨ ដុល្លារអាមេរិក ពីសប្បុរសជនសរុប ៥ ៣៦៥ រូប ដែលរួមមាន សមាជិកកិត្តិយស ៤ រូប សមាជិកគាំទ្រ ៤ ៦៩៨ រូប សប្បុរសជនផ្សេងៗ ៦៦៣ រូប និងថវិកា ទទួលបានពីហិបបរិច្ចាគនៅតាមគោលដៅចំនួន ០៣ ទីតាំង។

 

សូមរំលឹកជូនថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ក្នុងទស្សនវិស័យ “កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា”។

 

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ និងធានានូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង ០៥ ទីតាំង សំដៅលើកកម្ពស់សុខុមាល ភាព របស់កុមារ និងទារក នៅកម្ពុជា និងសូមលើកទឹកចិត្តសប្បុរសជននានាឱ្យបន្តចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយធនាគារ៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ Sathapana, ធនាគារឯក ទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈទូរសព្ទលេខ ០៦១ ៧០ ១១១១។ 

 

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមលើកទឹកចិត្តសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាមួយ÷ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀលឬ/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ

(២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ ៕

Comments

Related posts