ព្រឹទ្ធសភាកម្ពុជាសម្តែងនូវការខកចិត្តចំពោះសភាអឺរ៉ុបដែលចេញសេចក្តីសម្រេចមានចរិតលំអៀងនយោបាយ និងលើកទឹកចិត្តឧក្រិដ្ឋជន

 

 

វិទ្យុជាតិកម្ពុជា៖ ជួន បូណា 

 

ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវការខកចិត្តនិងសោកស្តាយបំផុតចំពោះសេចក្តីសម្រេចរបស់ សភាអឺរ៉ុបនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២១ស្តីពីការជំនុំជម្រះក្តីប្រឆាំងនិងជនល្មើសច្បាប់នៅកម្ពុជា (២០២១/២៥៧៩(RSP) ។

 

សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាចេញផ្សាយនៅថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២១នេះបានឱ្យដឹងថា សេចក្តីសម្រេចរបស់សភាអឺរ៉ុប នេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ មានចរិតលំអៀង និងក្រោមហេតុផលនយោបាយ និងលើកទឹកចិត្តឱ្យក្រុមឧក្រិដ្ឋជនប្រឆាំងជាមួយរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការបម្រើរបៀបវារៈនយោបាយរបស់បរទេសប្រឆាំងជាតិឯង។

 

ការទាមទារឱ្យទម្លាក់ការចោទប្រកាន់លើជនជាប់ចោទនិងលុបចោលការផ្តន្ទាទោសនិងការកាត់ទោសជនល្មើសដោយតុលាការកម្ពុជា គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែលជារដ្ឋអធិបតេយ្យនិងជាការរំលោភលើឯករាជ្យភាពរបស់តុលាការកម្ពុជាដែលមិនអាចជ្រៀតជ្រែកបានជាដាច់ខាត។ ការជំនុំជម្រះក្តីលើបុគ្គលដែលជាអតីតមេដឹកនាំ និងសកម្មជនប្រឆាំងព្រមទាំងមន្រ្តីសង្គមស៊ីវិលដែលបាន រំលោភបំពានច្បាប់កន្លងមក ត្រូវបានធ្វើឡើងដោយផ្អែកលើមូលដ្ឋានអង្គហេតុ(ភស្តុតាងរឹងមាំ) និងស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ សិទ្ធិរបស់ជនជាប់ចោទក្នុងការការពារខ្លួន នីតិវិធីសវនាការប្រព្រឹត្តទៅត្រឹមត្រូវធានាយ៉ាងពេញលេញដោយច្បាប់ហើយការជំនុំជម្រះត្រូវបានធ្វើឡើងជាសាធារណៈ ដោយមានវត្តមានមេធាវីការពារចុងចោទ អង្គទូតនិងអង្គការសង្គមស៊ីវិលនៅក្នុងបន្ទប់សវនាការ។

 

ព្រឹទ្ធសភាបានបញ្ជាក់ថា ដូចគ្នាទៅនឹងប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ ការអនុវត្តច្បាប់ទៅលើបុគ្គលដែលប្រើប្រាស់សិទ្ធិសេរីភាពហួសដែនកំណត់ដោយច្បាប់ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ មិនត្រូវចាត់ទុកជាការរឹតត្បិតខាងនយោបាយ ឬលំហប្រជាធិបតេយ្យនោះទេ។

 

ព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាបន្តគោរពគោលការណ៍នីតិរដ្ឋ ប្រជាធិបតេយ្យ សេរីពហុបក្ស និងធានានូវការអនុវត្តសិទ្ធិសេរីភាពទាំងឡាយស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានដើម្បីរក្សាសន្តិភាពស្ថិរភាពនិងសុខុមាលភាពរបស់ប្រជាជន៕

Comments

Related posts