វិទ្យុជាតិកម្ពុជា ៖ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពាក់ព័ន្ធ កំពុងរៀបចំដីរបស់រដ្ឋប្រមាណជាង ១០០០ហិកតា ដើម្បីធ្វើជាសម្បទានសង្គមកិច្ច សម្រាប់ចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលអត់មានដីពិតប្រាកដ ពលរដ្ឋរស់នៅតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំសំកុស និងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ។
លោក កត់ បូរ៉ាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានលើកឡើងថា បន្ទាប់ពីបានចុះវាយតម្លៃអស់ចំនួន៤ដង ដើម្បីកំណត់ធ្វើអនុប្រយោគ ស្នើទៅរាជរដ្ឋាភិបាល នូវដីស្ថិតក្នុងភូមិកំពង់ល្ពៅ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ដែលជាដីព្រៃរិចរឹល ជាដីគ្មានផលប៉ះពាល់ច្រើន ប្រមាណជាង ១០០០ហិកតា ដើម្បីឆ្លើយ តបនឹងសំណូមពររបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ ហើយដីនៅតំបន់នោះ គឺអាចទទួលយកបាន បន្ទាប់ពីវាយតម្លៃរួចនោះ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា ក្នុងមួយគ្រួសារទទួលបានប៉ុន្មាននោះទេ ។
ក្នុងឱកាសចុះពិនិត្យដីត្រូវបែងចែកពលរដ្ឋ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវគ្រប់គ្រងដីតំបន់នេះ ឲ្យបានជាដាច់ខាត កុំឲ្យមានអ្នកណាមកទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ដោយមិនទាន់បានធ្វើសម្បទានសង្គមកិច្ចបែងចែកឲ្យ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្រាប់មន្ទីរពាក់ព័ន្ធធ្វើការពិនិត្យវាយតម្លៃ និងរៀបចំការងារនេះ ត្រូវតែមានតម្លាភាព មានភាពស្មោះត្រង់ និងមានភាពច្បាស់លាស់ ហើយសម្រាប់ដីដែលបែងចែកនេះ ជាដីអាចបង្កបង្កើនផលកសិកម្មបាន រួមទាំងមានផ្លូវគមនាគមន៍ និងរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។
គួរបញ្ជាក់ថា ដីត្រៀមធ្វើជាសម្បទានសង្គមកិច្ច ត្រូវបែងចែកជូនប្រជាពលរដ្ឋក្រីក្រនោះ នៅជិតផ្លូវជាតិលេខ១០ ដែលតភ្ជាប់រវាងខេត្តបាត់ដំបង ទៅខេត្តកោះកុង និងត្រូវឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ទឹង អូរជាច្រើនផងដែរ ៕
Comments