វិទ្យុជាតិកម្ពុជា ៖ លោក ភី សុខវិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង
បាត់ដំបង ៖ ភូមិអ្នកតាទ្វា ស្ថិតក្នុងឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្ដបាត់ដំបង គឺជាភូមិមួយដាច់ស្រយាលពីទីរួមស្រុក នៅក្បែរនឹងបឹងទន្លេសាប ទទួលបានការសាងសង់ប្រពន្ធធារាសាស្រ្ដជាលើកដំបូង ដើម្បីស្តុកទឹកផ្គត់ផ្គង់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង និងស្រោចស្រពដំណាំស្រូវ ដែលជាសមិទ្ធផលផ្ដល់ជូនពីរាជរដ្ឋាភិបាល សហការជាមួយអង្គការទន្លេសាបជាដៃគូ។
យោងតាមសម្ដីលោកអនុភូមិបានឱ្យដឹងថា នេះជាលើកទី១ ហើយដែលភូមិនេះទទួលបានការសាងសង់ប្រពន្ធធារាសាស្រ្ដដើម្បីស្តុកទឹកផ្គត់ផ្គង់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង និងស្រោចស្រពដំណាំស្រូវ ដែលជាសមិទ្ធផលផ្ដល់ជូនពីរាជរដ្ឋាភិបាល សហការជាមួយអង្គការទន្លេសាបជាដៃគូ។
ប្រជាពលរដ្ឋភូមិអ្នកតាទ្វាទាំងអស់បានសម្តែងក្ដីត្រេកអរពន់ពេក នៅពេលបានឃើញសមិទ្ធផលប្រព័ន្ធធារាសាស្រ្ដទី១ កំពុងសាងសង់ និងមេប្រឡាយសម្រាប់បង្ហូរទឹកមួយខ្សែ ដែលបានផ្ដល់ដោយរាជរដ្ឋាភិបាល សហការជាមួយអង្គការទន្លេសាបជាដៃគូ ។ ពលរដ្ឋក៏សូមសំណូម ពរដល់រាជរដ្ឋាភិបាល និងអង្គការដៃគូ សុំជួយជីកប្រឡាយតូចៗ ដើម្បីនាំទឹកដល់ស្រែដែលនៅឆ្ងាយ ពីប្រភពទឹកផងដែរ ។
លោក កត វ៉ិត ជាពលរដ្ឋរស់នៅភូមិអ្នកតាទ្វា បានរៀបរាប់ឱ្យដឹងថា ពលរដ្ឋគ្រប់ក្រុមគ្រួសារនៅក្នុងភូមិទើបនឹងប្ដូររបរនេសាទ មកធ្វើស្រែវិញនាសម័យសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា នេះទេ ។
លោកពូបន្តថា ៖«ជាអកុសលដោយសារពលរដ្ឋនាំគ្នាធ្វើស្រូវប្រាំងច្រើនគ្នាទើប ក្នុងភូមិត្រូវខ្វះខាតទឹកស្ទើរតែរៀងរាល់ឆ្នាំ»។
ពលរដ្ឋមា្នក់ឈ្មោះ ប៊ុន ធឿន ជាកសិកររស់នៅភូមិអ្នកតាទ្វាក៏បានឱ្យដឹងដែរថា ក្រោយពីពលរដ្ឋ ប្ដូរមុខរបរពីការនេសាទមកធ្វើស្រែ បានជួបការពិបាកព្រោះខ្វះខាតទឹកស្រោចស្រពមិនគ្រប់គ្រាន់ ដោយសារស្ទឹងអ្នកតាទ្វា គឺត្រូវតភ្ជាប់មកពីស្ទឹងស្វាយដូនកែវ ទឹកដីរបស់ខេត្ដពោធិ៍សាត់ ។
លោកបន្តថា ដោយសារប្រភពទឹកធំស្ថិតនៅក្នុងទឹកដីខេត្ដពោធិ៍សាត់ ហើយតម្រូវការផ្នែកខាងលើត្រូវការប្រើប្រាស់ និង ធ្វើស្រែជាប្រចាំដែរនោះ ទើបអ្នកភូមិអ្នកតាទ្វាតែងតែជួបបញ្ហាទឹកមិនគ្រប់គ្រាន់បែបនេះសឹងតែរាល់ឆ្នាំ ។
លោកបានបន្ថែមថា ៖«នាពេលកន្លងមកអ្នកភូមិតែងតែរួមសាមគ្គីគ្នា លើកដីធ្វើទំនប់ ឬចូលរួមថវិកាគ្នាជួលគ្រឿងចក្រកាយដី ដើម្បីទប់ទឹកទុកប្រើប្រាស់ ជារៀងរាល់ឆ្នាំ»។
លោក កែវ ដប អនុភូមិអ្នកតាទ្វា បានថ្លែងឱ្យដឹងថា ប្រជាពលរដ្ឋក្នុងភូមិអ្នកតាទ្វាពីដើមឡើយ គ្រប់គ្រួសារគឺសុទ្ធសឹងតែប្រកបរបរនេសាទត្រីទាំងអស់ និងឆ្លៀតធ្វើស្រូវវស្សា ដើម្បីទុកបរិភោគបានបន្តិចបន្តួចប៉ុណ្ណោះ។
លោកបន្តថា ការធ្វើស្រូវវស្សាត្រូវរងផលប៉ះពាល់ដោយសារទឹកលិចជាញឹកញាប់មិនទទួលបានផល អ្នកភូមិក៏នាំគ្នាបែរមកធ្វើស្រូវប្រាំងវិញម្ដង ក៏ទទួលបានផលល្អ ទើបអ្នកភូមិមួយចំនួនធំ បែរពីមុខរបរនេសាទមកធ្វើស្រែវិញ ។
លោកអនុភូមិបានបញ្ជាក់ថា ៖«នេះជាលើកទី១ ហើយដែលភូមិនេះទទួលបានការសាងសង់ប្រព័ន្ធធារាសាស្រ្ដ ទំនប់បង្ហៀរ ចំនុចស្ទឹងអ្នកតា ដើម្បីស្តុកទឹកផ្គត់ផ្គង់ប្រើប្រាស់ឱ្យបានគ្រប់គ្រាន់នៅរដូវប្រាំង និងស្រោចស្រពដំណាំស្រូវ ដែលជាសមិទ្ធផលផ្ដល់ជូនពីរាជរដ្ឋាភិបាល សហការជាមួយអង្គការទន្លេសាប ដែលជាដៃគូ ដោយប្រើប្រាស់ថវិកាមូលនិធិឃុំ៥០% និងជំនួយរបស់អង្គការទន្លេសាប៥០%»។
លោកក៏បានបន្ថែមទៀតថា ក្រៅពីការធ្វើទំនប់បង្ហៀរនេះ ក៏សល់ថវិកាស្ដារប្រឡាយមេមួយផងដែរ ហើយខាងអង្គការទន្លេសាបក៏បានកសាងផ្លូវក្នុងភូមិបានប្រវែង ៣២០០ម៉ែត្រ ផងដែរ ។ សម្រាប់ការធ្វើអាងស្តុកទឹកបង្ហៀរនេះរួចរាល់ គឺអាចផ្គត់ផ្គង់ទឹកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់បានចំនួន ៣ភូមិ ផងដែរ។
គួរបញ្ជាក់ថា បច្ជុប្បន្ននេះនៅក្នុងខេត្តបាត់ដំបង មានប្រព័ន្ធធារាសាស្ត្រ ក្នុងការជួយស្រោចស្រពដំណាំដាំដុះរបស់បងប្អនប្រជាសិករ រួមមានដូចជា ទំនប់ពហុបំណងសេកសក, ទំនប់កង្ហត,ទំនប់បឹងកំពីងពួយ,ទំនប់ស្ទឹងបវេល ទំនប់អាងរាមគន់ និងទំនប់បាសាក់។ ដោយឡែក ប្រព័ន្ធធារាសាស្ត្រមួយចំនួនទៀតដែលកំពុងតែធ្វើការសាងសង់មាន ទំនប់ស្ទាក់ទឹកស្ទឹងដូនទ្រី, ទំនប់អាងត្រជាក់ចិត្ត, ទំនប់អាងពោធិ៍ និងទំនប់សាលាតាអន ជាដើម៕
Comments