វិទ្យុជាតិកម្ពុជា ៖ លោក វ៉ែន សុវុទ្ធី
ភ្នំពេញ ៖ អង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ ចូលរួមបង្កើនកិច្ចការពារ អភិរក្សធនធានធម្មជាតិ នៅតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលមានទីតាំងស្រុកចំនួន២គឺ ស្រុកបុរីជលសា និងស្រុកកោះអណ្តែត ខេត្តតាកែវ ខណៈរដូវប្រាំងនេះ ទឹកស្រកជិតអស់ ដែល ងាយស្រួលជនខិលខូច លួចបរបាញ់សត្វព្រៃ ដោយខុសច្បាប់ ដែលទាមទារឱ្យមានការចូលរួមការពារទាំងអស់គ្នា។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា មកដល់ខែមីនាឆ្នាំ២០២១នេះ ស្ថានភាពទឹកនៅតំបន់ការពារទេសភាព
បឹងព្រែកល្ពៅ បានស្រកចុះជិតអស់ហើយ ដែលជាហេតុឱ្យជនខិលខូចមួយចំនួន ឆ្លៀតឱកាសលួចចូលចាប់សត្វ និងបរបាញ់សត្វព្រៃដោយខុសច្បាប់ ។
ទាំងនេះហើយ ទើបអង្គការជីវិតសត្វស្លាប ចាត់ក្រុមការងារជំនាញ សហការមួយឧទ្យានុរក្ស ក៏ដូចប្រជាសហគមន៍ ចុះល្បាតជាប់ជាប្រចាំ ក្នុងគោលដៅការពារពពួកសត្វកម្រទាំងនេះ ឱ្យនៅគង់វង្សសម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយបានស្គាល់។ លោកបានបញ្ជាក់ទៀតថា សព្វថ្ងៃនេះនៅតំបន់ទេសភាពបឹងព្រែកល្ពៅ ដែលជាតំបន់ដីសើម មានសក្តានុពល ទៅដល់ពពួកសត្វស្លាបទឹកគ្រប់ប្រភេទ កំពុងរស់នៅនិងពងកូន រួមមាន សត្វរនាលពណ៌ ត្រយងខ្លួនស ទន្រ្ទីតធំ ទុងប្រផេះ និងក្រសារជាដើម ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ ចូលរួមការពារ ធនធានធម្មជាតិជីវៈចម្រុះ ឱ្យមានប្រសិទ្ធភាព។
លោក ប៊ូ វរសក្ស បានបញ្ជាក់ថាការដែលគោករាក់នេះ គឺឧទ្យានុរក្សយើងមានការពិបាកជាងមុន ពីព្រោះការដើរល្បាតដោយយើងជិះទូកដោយសារតំបន់ហ្នឹងមានជិត៩ពាន់ហិកតា នៅពេលដែលគោករាក់ ជនល្មើសអាចចូលមកគ្រប់ទិសដោយការដើរ។ ដោយឡែក ឧទ្យានុរក្សយើងត្រូវចុះល្បាតដោយថ្មើរជើងទីតាំងមួយចំនួនដែរ អ៊ីចឹងវាអាចបង្ករផលលំបាកដល់ឧទ្យានុរក្សយើង ជាង៩ពាន់ហិកតាគោករាក់ វាអាចចូលបានប្រាំបីទិស គឺកម្លាំងយើងរាងស្តួចស្តើង ប៉ុន្តែយ៉ាងណាក្រុមការងារជំនាញក៏ដើរល្បាតជាប្រចាំក្នុងកិច្ចការពារពពួកសត្វស្លាបគ្រប់ប្រភេទនេះឱ្យយបានគង់វង្សដែរ។
លោកនាយកកម្មវិធីអង្គការជីវិត សត្វស្លាបប្រចាំកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ត្រូវបន្តចូលរួមសហការទាំងអស់គ្នា ដើម្បីការពារនិងអភិរក្សសត្វព្រៃរបស់យើងដែលជិតផុតពូជ ឱ្យបានគង់វង្ស ៕
Comments