អាជ្ញាធរអប្សរាគ្រោងបង្ហូរទឹកសង្គ្រោះស្រះស្រង់នៅពេលឆាប់ៗនេះ

វិទ្យុជាតិកម្ពុជា ៖  លោកអេង យូ

សៀមរាប ៖ អាជ្ញាធរអប្សរាគ្រោងបង្ហូរទឹកសង្គ្រោះស្រះស្រង់នៅពេលឆាប់ៗ ខណៈនៅចុងរដូវប្រាំងនេះ ស្រះស្រង់អាចនឹងមានការរីងស្ងួត បើសិនមិនមានការបង្ហូរទឹកចូល។

លោកឡៃ ពុទី អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជានៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះថា នាចុងរដូវប្រាំងខាងមុខនេះ ស្រះស្រង់អាចនឹងរីងស្ងួត ដោយសារកាលពីដើមរដូវ វស្សាឆ្នាំនេះ មិនមានការបញ្ចូលទឹកបន្ថែមទៅក្នុងស្រះស្រង់ឡើយ ព្រោះទុកលទ្ធភាពគ្រប់គ្រាន់ឱ្យអ្នកជំនាញធ្វើការជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់។
លោកបន្តថា បើសិនទឹកនៅក្នុងស្រះស្រង់មានការរីងស្ងួត ក៏មិនមានហានិភ័យណាមួយមកដល់ប្រាសាទឡើយ ហើយក្រុមការងារជំនាញកំពុងពិនិត្យ លទ្ធភាពក្នុងការបង្ហូរទឹកពីតំបន់ខាងលើចូលមកកាន់ស្រះស្រង់។ព្រោះរដូវប្រាំងនេះប្រជាពលរដ្ឋក៏ត្រូវការទឹក ដើម្បីប្រើប្រាស់ ជាពិសេសស្រោចស្រពដំណាំកសិកម្មរួមផ្សំ។

photo_2021-03-29_15-00-12 (3)
សំឡេង៖ដោយសាររដូវនេះជារដូវប្រាំងហើយ ទឹកនៅស្រះស្រង់ក៏មានការស្រកចុះដែរ ដោយសារឆ្នាំនេះទឹកនៅស្រះស្រង់កម្រិតអប្បបរមា ទាបបំផុត ដោយសាររដូវវស្សាឆ្នាំមុនយើងមិនបានបញ្ជូលទឹកទៅក្នុងស្រះស្រង់ទេ យើងរក្សាទឹកនៅទាបបំផុតដើម្បីទុកលទ្ធភាពឱ្យក្រុមការងារ ជួសជុលប្រាសាទដែលនៅកណ្តាលស្រះស្រង់ ធ្វើការជួសជុល ឱ្យរួចរាល់តាមការកំណត់ អ៊ីចឹងហើយបានទឹកឆ្នាំនេះតិច ដោយសារមិនទាន់អស់នៅឡើយទេពេលនេះ យើងពិនិត្យមើលលទ្ធភាពជាក់ស្តែងពីស្ថានភាពទឹកពីខាងលើ យើងនឹងគិតគូរ តែដោយសារឥឡូវហ្នឹងទឹកនៅខាងលើប្រជាពលរដ្ឋមានតម្រូវការស្រោចដំណាំរបស់គាត់ យើងនឹងចរចាជាមួយគាត់ថាអាចយកទឹកបានក្នុងកម្រិតណា។

photo_2021-03-29_15-00-12 (4)

សូមបញ្ជាក់ថា  ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយប្រវែង៧៨០ម និងទទឹងប្រវែង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត៕

Comments

Related posts