វិទ្យុជាតិកម្ពុជា ៖ លោក ហ៊ាង ចាន់ថា
កំពង់ចាម ៖ ដោយអនុវត្តទៅតាមការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស អញ្ជើញ ចុះពិនិត្យ ដើម្បីរៀបចំកែលម្អអតីតសណ្ឋាគារមេគង្គ ដែលជាមណ្ឌលចត្តាឡីស័កកម្រិត២ របស់រដ្ឋបាលខេត្តកំពង់ចាម អស់រយៈកាលជាង១ ឆ្នាំមកនោះ ឲ្យប្រែក្លាយទៅមន្ទីរពេទ្យសម្រាប់ពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ វិញ ដែលមានឈ្មោះថា មន្ទីរពេទ្យ "មេគង្គកំពង់ចាម" ។
គួររំលឹកដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលខេត្តកំពង់ចាម យកសណ្ឋាគារមេគង្គ ស្ថិតក្នុងក្រុងកំពង់ចាម ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម និងមកពីខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២១ ។
បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច តេជោ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីរៀបចំយកអតីតសណ្ឋាគារមេគង្គ ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។
ដោយឡែក ចំពោះអ្នកដែលធ្វើចត្តាឡីស័ក នៅទីនោះ ត្រូវយកទៅធ្វើចត្តាឡីស័កបន្ត នៅឯសាលាគរុកោសល្យភូមិភាគកំពង់ចាមវិញ៕
Comments