អាជ្ញាធរខេត្តព្រះវិហារ បន្តរឹតបន្តឹងរាល់ការធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុងដែនដីខេត្ត

 

 

  វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

 

  ខេត្តព្រះវិហារ៖ ដើម្បីទប់ស្កាត់ និងការពារ ការរីករាលដាលជំងឺកូវីដ១៩ និងការឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលកំពុងបន្តផ្ទុះឡើងគួរឲ្យព្រួយ បារម្ភនោះ អាជ្ញាធរខេត្ត បានចាត់វិធានការតឹងរឹងបំផុត ដោយតម្រូវឲ្យអាជ្ញាធរស្រុក ដែលនៅជាប់ព្រំប្រទល់ខេត្ត និងខេត្តនីមួយៗ រួមគ្នាអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងអនុវត្តឲ្យបានម៉ឹងម៉ាត់តាមវិធានការរបស់ ក្រសួងសុខាភិ បាល ដែលបានដាក់ចេញនាពេលកន្លងមក។

 

លោក ហោ ប៊ុនហួរ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋ បាលស្រុករវៀង តំណាងអភិបាលខេត្ត ឯកឧត្តមប្រាក់ សុវណ្ណ នៅថ្ងៃទី០១ខែមេសា ម្សិលមិញ បានដឹកនាំមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាស្រុក កម្លាំងអធិការដ្ឋាននគរបាលស្រុក កងរាជអាវុធហត្ថ និងក្រុមគ្រូពេទ្យជំនាញ ចុះទៅកាន់ព្រំប្រទល់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ដើម្បីបន្តពង្រឹងយន្តការត្រួតពិនិត្យលើគ្រប់មធ្យោបាយធ្វើដំណើរឆ្លងកាត់ និងចេញចូលក្នុងខេត្ត ចែកម៉ាស វាស់កំដៅ បាញ់សម្អាតដៃនឹងទឹកអាល់កុល និងបានពន្យល់ ណែនាំ អំពីការអនុវត្តវិធានការសុខាភិបាល ជូនដល់ប្រជា ពលរដ្ឋ ដែលជាអ្នកធ្វើដំណើរផងដែរ។

 

    លោក ហោ ប៊ុនហួរ បានមានប្រសាសន៍ថា ក្រោមការ អនុវត្តសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក៏ដូចជាការចង្អុលបង្ហាញរបស់ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ អំពីការអនុវត្តវិធាន៣ការពារ ៣កុំ ក្នុងការទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ អាជ្ញាធរស្រុកបានដាក់ក្រុមការងារ និងសមត្ថកិច្ចចម្រុះ ដើម្បីត្រួតពិនិត្យលើគ្រប់មធ្យោ បាយយានយន្ត ដែលដឹកអ្នកដំណើរឆ្លងកាត់ និងចេញចូលក្នុងដែនដីខេត្ត មកពីខេត្តគោលដៅ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ ឬក៏សង្ស័យកើត រោគសញ្ញាជំងឺកូវីដ១៩ ដើម្បីណែនាំដល់ពួកគាត់ ដែលបានឆ្លងកាត់ខេត្តព្រះវិហារ។

 

 លោកអភិបាលស្រុក បានបន្តថា ការអនុវត្តវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំរបស់ ក្រសួងសុខាភិ បាល ដែលបានដាក់ប៉ុស្តិ៍ប្រចាំការ ត្រួតពិនិត្យនៅព្រំដែនខេត្តនាពេលនេះ គឺបានអនុវត្តយ៉ាងតឹងរឹង ក្រោយកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងការត្រួតពិនិត្យនេះ នឹងបន្តអនុវត្តរហូតដល់ស្ថានការណ៍ជំងឺកូវីដ១៩ បានធូរស្រាលមកវិញ។

 

  លោក ហោ ប៊ុនហួរ បានឲ្យ ដឹងទៀតថា ពាក់ព័ន្ធនឹងការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកពីខេត្តនានា ចូលមកខេត្តព្រះវិហារ ក្រុមការងារបានត្រួតពិនិត្យ និងរកឃើញជាមធ្យមមានរថយន្ត ៣៥ គ្រឿង និងចំនួនអ្នកធ្វើដំណើរប្រមាណ ចាប់ពី២០០នាក់ ទៅ៣០០នាក់ ក្នុងមួយថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធខេត្ត និងស្រុកដែលផ្ទុះជំងឺកូវីដ១៩ ហើយមានទីលំនៅ និងបានវិលចូលមករស់នៅក្នុងស្រុករវៀងវិញ អាជ្ញាធរស្រុក បាននាំពួកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ គឺមាន ៤៨ នាក់ ក្នុងនោះអ្នកបានធ្វើចត្តាឡីស័កគ្រប់ ១៤ថ្ងៃ ចំនួន ៣៩នាក់ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងនៅសល់ ៩នាក់ ស្រី ៣នាក់ ក្នុងនោះជនជាតិចិន ៥នាក់ ដែលកំពុងបន្តធ្វើចត្តាឡីស័ក ក្នុងសុខភាពល្អប្រសើរជាធម្មតា។

IMG_20210402_165640_297

  លោក ហោ ប៊ុនហួរ បានបញ្ជាក់ថា អាជ្ញាធរខេត្ត ក៏ដូចអាជ្ញាធរស្រុក នៅតែបន្តរឹតបន្តឹងលើការអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិ បាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល លុះត្រាណាជំងឺកូវីដ១៩ បានធូរស្រាល ឬឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះ តែទោះជាយ៉ាងណា ខេត្តព្រះវិហារ ក៏មិនទាន់មានអ្នកវិជ្ជមានជំងឺកូវីដ១៩នេះ នៅឡើយដែរ។

IMG_20210402_165628_776

  ប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដែលតម្រូវឲ្យអនុវត្តតាមវិធាន ការសុខាភិបាល បានសម្តែងការពេញចិត្ត ចំពោះវិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយពួកគាត់បានចាត់ទុកថា ការអនុវត្តបែបនេះ ក៏ព្រោះតែអាជ្ញាធរបានគិតគូរពីសុខុមា លភាព និងចង់ឲ្យប្រជាពល រដ្ឋ ជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ៕IMG_20210402_165626_053

Comments

Related posts