របរដាំស្មៅអ៊ីស្រាអែលនិងស្មៅស៊ុបព័រនេពា អាចរកចំណូលបាន២០០០ដុល្លារក្នុងមួយខែ

 

 

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ទុយ សូលីដា

 

ភ្នំពេញ៖ របរដាំស្មៅអ៊ីស្រា អែល និងស្មៅស៊ុបព័រនេពា អាចរកចំណូលបាន២០០០ ដុល្លារក្នុងមួយខែ ដោយដំណាំស្មៅប្រភេទនេះ វាមានប្រូតេអ៊ីន ២០ភាគរយ សម្រាប់ការលូតលាស់របស់សត្វគោ បើធៀបនឹងស្មៅធម្មតា ស្មៅនេះពេញនិយមសម្រាប់អ្នកចិញ្ចឹមសត្វគោនៅកម្ពុជា។ 

 

    លោក សុខ ល័ក្ខ ជាកសិករដាំស្មៅលក់ នៅសង្កាត់ខ្សាច់ប៉យ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានឱ្យដឹងថា ពូជស្មៅអ៊ីស្រាអែលមានរូបរាងនិងលក្ខណៈដូចដើមអំពៅ ហើយខ្ពស់ ចំណែកស្មៅស៊ុបព័រនេពា មានស្លឹកធំៗប៉ុន្តែទាប។ លោកបានផ្គត់ផ្គង់ពូជស្មៅជូនអតិថិជនទៅតាមបណ្ដាខេត្តនានា ដោយក្នុងមួយកងមានតម្លៃ៥០០រៀល ព្រមទាំងជួយប្រាប់ពីរបៀបដាំដុះ ប្រសិនបើកសិករមានតម្រូវការដាំសម្រាប់សត្វចិញ្ចឹមរបស់គាត់។  

IMG_20210402_165833_783

លោកបន្ថែមថា ផ្ទៃដី២៥ម៉ែត្របួនជ្រុង ដែលដាំស្មៅផ្អែមអ៊ីស្រាអែលរបស់ប្រជាពលរដ្ឋ ចំណាយប្រាក់យ៉ាងច្រើនបំផុតត្រឹម៣០ម៉ឺនរៀល ការចំណាយនេះ គឺទៅលើការទិញពូជ ទិញសម្ភារស្រោចស្រព និងចំណាយទៅលើការភ្ជួររាស់ដីប៉ុណ្ណោះ ។ ស្មៅប្រភេទនេះ មិនត្រូវការទឹកច្រើននោះទេ គឺវាអាចលូតលាស់បានល្អ ហើយអាចច្រូតកាត់បាន ក្រោយពីការដាំដុះបានពី ១ខែ ទៅ១ ខែកន្លះ ។ 

សំឡេង៖ និយាយទៅវាមានប្រូតេអ៊ីនខ្ពស់ជាងស្មៅដុះនៅតាមស្រែ តាមភូមិយើងនឹង បាទគឺវាមានប្រូតេអ៊ីនខ្ពស់ចាប់ពី១៨ទៅ២០ភាគរយ បើធៀបនិងស្មៅធម្មតាដែលនៅតាមភូមិវាមានប្រូតេអ៊ីនតែ១ភាគរយតែប៉ុណ្ណោះ រាល់ថ្ងៃខ្ញុំមានលក់ពូជស្មៅដើមផង និងពូជជាគ្រាប់ផង ពេលលក់ដាច់ខ្លាំងយើងអាចរកចំណូលបានក្នុងមួយខែពី១០០០ដុល្លារ ទៅ ២០០០ដុល្លារ។

IMG_20210402_165830_012

លោក សុខ ល័ក្ខ បានបញ្ជាក់ថា ការដាំស្មៅនេះ មានរយ: ពេល៣ឆ្នាំមកហើយ លើផ្ទៃដី១ហិកតា ។ស្មៅនេះមានប្រភពមកពីប្រទេសអ៊ីស្រាអែល ដោយលោកនាំយកមកបន្តពីប្រទេសថៃ កាលពីឆ្នាំ២០១៨ ។ ពូជស្មៅ២ប្រភេទនេះ អាចផ្ដល់ជាចំណីឱ្យដល់សត្វដូចជា គោ ក្របី ជ្រូក មាន់ ទា ជាដើម៕IMG_20210402_165826_638

Comments

Related posts