សម្តេចតេជោ ណែនាំឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណាឌីណេ

 

MC៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ដើម្បីការពារការចម្លងនូវវីរុសកូវីដ១៩ ខណៈដែលរាជធានីភ្នំពេញ ក្លាយជាចំណុចសំខាន់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

 

តាមរយៈសារសំលេងពិសេសនាល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ ២០២១ សម្តេចអគ្គមហាសេ នាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យប្រធានគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដែលដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីននិង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅរាជធានីភ្នំពេញ ជាបន្ទាន់តាមដែលអាចធ្វើទៅបាន។ 

 

 សម្តេចតេជោបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សំាងដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ដើម្បីជំរុញការធានាសុវត្ថិភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈដែលជំងឺនេះ កំពុងតែឆ្លងខ្លំាងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។

សំឡេង៖ «ខ្ញុំសូមស្នើឲ្យយកចិត្តទុកដាក់រៀបចំ ជាពិសេសលោកជំទាវឱ វណ្ណឌីន ត្រូវធ្វើការភ្លាម ជាមួយឯកឧត្តមឃួងស្រេង ហើយឯកឧត្តមឃួងស្រេងត្រូវតែប្រមូលបញ្ជីឈ្មោះ និងរៀបចំទីតាំងសម្រាប់ការចាក់វ៉ាក់សាំង ជូនចំពោះប្រជាពលរដ្ឋដែលរស់នៅតាមផ្សារ ទាំងអ្នកយាមផ្សារ អ្នករកស៊ីតាមផ្សារលក់ដូរ ទាំងអ្នកធ្វើដំណើរនិងដឹកជញ្ជូនបន្លែបង្ការ ឬក៏ការទិញតាម online ពីផ្ទះមួយ ពីហាងមួយទៅកាន់ផ្ទះ ព្រោះបើយើង ធ្វើមិនស្រួលទេ ហើយអ្នកទាំងនេះ គឺជាភ្នាក់ងារចម្លង ពីកន្លែងមួយទៅកន្លែងមួយ ។ ដូច្នេះខ្ញុំសូមស្នើឱ្យមានការរៀបចំយកចិត្តទុកដាក់យ៉ាងហោចណាស់ យើងអាចយកចាក់បាន២០ម៉ឺននាក់ នៅទីក្រុងភ្នំពេញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយបន្ថែមទៅលើវ៉ាក់សាំង អាស្ត្រាហ្សឺណិកាចាក់ឱ្យ ប្រជាពលរដ្ឋ ក៏ដូចជាកំពុងដំណើរការចាក់ស៊ីណូវ៉ាក់ ឱ្យមន្រ្តីរាជការក៏ដូចជា កម្មករមួយចំនួនផងដែរ។ ហើយនេះគឺជាការណែនាំរបស់ខ្ញុំដើម្បីប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ជួយក្នងសភាពការណ៍ដែលកំពុងវិវត្តន៍ ក្នុងរាជធានីភ្នំពេញ»។

 

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ប្រជាជនដែលបានចាក់វ៉ាក់សាំងរួច មានចំនួនសរុបចំនួន ៤៣០.១១៧ នាក់ ក្នុងនោះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងចំនួន ២៨៨.៦៨៤នាក់និង ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងចំនួន ១៤១.៤៣៣ នាក់ ៕

Comments

Related posts