សម្តេចតេជោបញ្ជាដល់អង្គរក្សដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមួយចំនួនទៅកាន់តំបន់បិទខ្ទប់ តំបន់ក្រហម និងនៅខេត្តព្រះសីហនុ 

 

 

វិទ្យុជាតិកម្ពុជា = ស៊ឹង សុផារី ២៤,០៤,២០២១

 

សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាឲ្យបញ្ជាការដ្ឋានអង្គរក្សប្រើប្រាស់កម្លាំងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមួយចំនួន ទៅកាន់តំបន់បិទខ្ទប់ តំបន់ក្រហមនៃរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងមានទុក្ខលំបាក ក្នុងអំឡុងពេលរាតត្បាតដោយសារជំងឺកូវីដ១៩ ។

យោងតាមអនុសាសន៍និងបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស ប្រើប្រាស់កម្លាំងក្នុងការរៀបចំដឹកជញ្ជូនអង្ករ៦០០តោន និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួយប្រជាពលរដ្ឋដែលកំពុងតែបិទខ្ទប់ នៅក្នុងខេត្តមួយនេះទាំងមូល ។ ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាឲ្យកម្លាំងបញ្ជាការដ្ឋានមួយផ្នែកទៀត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគមាន អង្ករ មី ត្រី -ល- យកទៅចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅក្នុងតំបន់ក្រហមនិងទីតាំងមួយចំនួនទៀត ដែលកំពុងតែត្រូវបានបិទខ្ទប់ និងកន្លែងធ្វើចត្តាឡីស័ក ។ 

ក្រៅពីការបញ្ចេញកម្លាំងដឹកជញ្ជូនស្បៀងអាហារជូនប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហមទាំងនៅភ្នំពេញ និង នៅខេត្តព្រះសីហនុ កម្លាំងបញ្ជាការដ្ឋានអង្គរក្សមួយផ្នែកទៀត ក៏បានរៀបចំ ដឹកជញ្ជូន គ្រឿងឧបភោគបរិភោគ មានអង្ករ មី ត្រីខ-ល-យកទៅប្រគេនវត្តទាំង១៤២វត្តក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនិងតំបន់មួយចំនួនទៀតផងដែរ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោកជំទាវ ហ៊ុន ម៉ាណា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ។

ដោយឡែក កម្លាំងរបស់បញ្ជាការដ្ឋានមួយចំនួនទៀត បានកំពុងតែជួយរៀបចំ គ្រែ និងសម្ភារផ្សេងទៀត នៅកន្លែងធ្វើចត្តាឡីស័ក និងកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ នៅស្តាតចាស់គល់ស្ពានជ្រោយចង្វារផងដែរ ៕

Comments

Related posts