វិទ្យុជាតិកម្ពុជា គឹមហឿន.ស្ទឹងត្រែង២៥/ ០៤/ ២០២១
M.C រដ្ឋបាលជលផល បានប្រកាសរដូវបិទនេសាទ នៅខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី១ខែឧសភាខាងមុខនេះ ដើម្បីអភិរក្សធនធានជីវចម្រុះ និងមច្ឆជាតិនៅទន្លេមេគង្គលើឲ្យសម្បូរបែបឡើងវិញ ហើយប្រជាសហគមន៍ទាំង៥២ត្រូវចូលរួមគោរពនិងអនុវត្តច្បាប់ជលផលឲ្យបានខ្ជាប់ខ្ជួន។
មន្ត្រីខណ្ឌជលផលបានប្រកាសផ្សព្វផ្សាយច្បាប់ជលផលរដូវបិទនេសាទឆ្នាំ២០២១ នៅខេត្តស្ទឹងត្រែងថ្ងៃទី២៥មេសានេះ លោក វង្សសាវឿននាយរងខណ្ឌជលផលបានបង្ហាញថា៖ ធនធានមច្ឆជាតិទាំងនេះ បើវាស្ថិតនៅគង់វង្ស ឬបាត់បង់ទៅ គឺអាស្រ័យទៅលើបងប្អូនប្រជាសហគមន៍ នេសាទទាំង៥២ នៅតាមមូលដ្ឋាន ដែលក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមនិងមន្ត្រីខណ្ឌរដ្ឋបាលជលផល បានផ្តល់សេចក្តីទុកចិត្ត បង្កើតឱ្យមានសហគមន៍នេសាទដើម្បីគ្រប់គ្រង និងថែរក្សាសម្បត្តិធនធានរបស់ខ្លួន ។
លោកនាយរងខណ្ឌបញ្ជាក់ថាៈ អ្នកនេសាទទាំងអស់ត្រូវមានឆន្ទៈស្រឡាញ់ធនធានជីវចម្រុះដែលមាននៅតាមដងទន្លេមេគង្គ ជាពិសេសនៅរដូវបិទនេសាទ ចាប់ពីថ្ងៃទី០១ខែឧសភាខាងមុខនេះ ចៀសវាងកុំប្រើប្រាស់ឧបករណ៍ណា ដែលច្បាប់ហាមឃាត់។(សំឡេង)...............................។
លោកពន្យល់ថា៖ បញ្ហានេះ ភាគី ពាក់ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានប្រើវិធីសាស្ត្រអប់រំគ្រប់រូបភាពហើយនិងមានពេលខ្លះក៍បានដក ហូតនូវឧបករណ៍ផ្សេងៗ និងមានការឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តតាមផ្លូវច្បាប់ផងដែរ។
លោក មុំ ណាង ប្រធានសហគមន៍នេសាទស្តៅ១នៅឃុំស្តៅស្រុកសេសានបានបញ្ជាក់ថា៖អ្នកនេសាទភាគច្រើនបានយល់ ដឹងពីច្បាប់និងរដូវបិទនេសាទនេះហើយ តែក៏នៅមានជនខិលខូចមួយចំនួននៅតែលួចលាក់ធ្វើសកម្មភាព នេសាទខុសច្បាប់ ដូចជាឆក់ក្តៅ- និងឆក់ត្រជាក់- គប់គ្រាប់- និង លួចដាក់មង ក្នុងអន្លុងអភិរក្សជាដើម ។
លោកថា រាល់បទល្មើសខ្លះប្រជាសហគមន៍មិនអាចបង្រ្កាបបានទេគឺបានត្រឹមតែរាយការណ៍ជូនអាជ្ញាធរតែប៉ុណ្ណោះ ហើយផ្នែកមន្ត្រីជំនាញជលផល
ក៏បានចុះបង្ក្រាបជារឿយៗដែរតែធ្វើមិនឈ្នះ ធ្វើឲ្យបទល្មើសបនៅតែកើតមាន ជាពិសេស នៅពេលយប់។
សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែងចាប់បិទនេសាទពីថ្ងៃទី១ឧសភា ខាងមុខនេះ ៕
Comments